(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ១,៣៣៣ករណី កើនឡើង ២២ករណី ឃាត់ខ្លួនជនល្មើស ២,២០០នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទសរុប ៤០០.៤៩គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត។
របាយការណ៍នេះត្រូវលើកឡើងក្នុងកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានរាយការណ៍ថា «លទ្ធផលនៃប្រតិបត្តិការរយៈពេល៩ខែ ឆ្នាំ២០២០នេះ របស់សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១,៣៣៣/១,៣១១ករណី កើនឡើង ២២ករណី ស្មើនឹង ១.៦៥% ឃាត់ខ្លួន ២,២០០/២,១១២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៤០០.៤៩/៤៣.១៣គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត»។
លោកឧត្តមសេនីយ៍ទោ អ៉ិន សុង បានបន្តថា ក្នុងចំណោមបទល្មើសទាំងនោះ មាន៖
* ករណីជួញដូរ ៧៥៩/៦៣៦ ករណី កើនឡើង ១២៣ ករណី ឃាត់ខ្លួន ១,១៣៦/៩៤១ នាក់ កើនឡើង ១៩៥ នាក់។
* ករណីសំយោគ-កែច្នៃ ៣/១ ករណី ឃាត់ខ្លួន ៧ នាក់។
* ករណីប្រើប្រាស់ ៥៧១/៦៧៤ ករណី ឃាត់ខ្លួន ១,០៥៧/១,១៧១ នាក់។
កម្លាំងអនុវត្តច្បាប់បានបើកកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងសកម្មផុសផុល និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះករណីធំៗ ៣០ករណី (ទីតាំងកែច្នៃ ៣កន្លែង) ត្រូវបានបង្ក្រាបដោយចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ជាង ២តោន ព្រមទាំងចាប់មេក្លោងចំនួន ១១នាក់ និងខ្សែរយៈបណ្ដាញចំនួន ៤៧នាក់។
តាមរយៈការអនុវត្តវិធានរដ្ឋបាល និងវិធានច្បាប់ក្នុងកិច្ចបើកប្រតិបត្តិការបង្ក្រាបតាមទីតាំងសប្បាយដ្ឋាន បានជះឥទ្ធពលដល់ទីផ្សារជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។ ជាក់ស្ដែង ផ្អែកតាមលទ្ធផលបង្ក្រាបពិនិត្យឃើញករណីប្រើប្រាស់សារធាតុញៀន មានការថយចុះ ៣.២៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងការផ្លាស់ប្ដូរ និងផ្ដល់ព័ត៌មានទាន់ពេលវេលា គួបផ្សំសមត្ថភាពបទបិសោធទ៍របស់មន្ត្រីអនុវត្តច្បាប់ និងឧបករណ៍បច្ចេកទេសផងនោះ បានធ្វើឲ្យកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែង ករណីលួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ១៦ករណីធំៗ ទៅប្រទេសទី៣ត្រូវបានបង្ក្រាប ក្នុងនោះតាមផ្លូវគោក ៧ករណី តាមផ្លូវអាកាស ៣ករណី តាមកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ៥ករណី និងផ្លូវទឹកចំនួន ១ករណី ដែលមានបរិមាណសារធាតុញៀនសរុបប្រមាណ ២៩៣.៤២គីឡូក្រាម។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានលើកឡើងថា នេះជាលទ្ធផល និងជាគុណសម្បត្តិរបស់កងកម្លាំងសមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការកន្លងមក គឺទទួលបានលទ្ធផលគួរជាទីមោទនៈដែលមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់បានគ្រឿងញៀន និងសារធាតុផ្សំជិត ៣តោន កាលពីពេលថ្មីៗនេះ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតចន្លោះប្រហោងមួយចំនួនពាក់ព័ន្ធនឹងជំនាញបច្ចេកទេសផងដែរ ដែលត្រូវទាមទារឱ្យកម្លាំងសមត្ថកិច្ចខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ទិសដៅបន្តចំនួន ៦ចំណុច ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋភិបាលឱ្យមានប្រសិទ្ធភាពបន្ថែមទៀត រួមមាន៖
១៖ បន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
២៖ បន្តជំរុញការស្រាវជ្រាវស៊ើបអង្កេតបណ្តាករណីធំៗដែលនៅសេសសល់ ដើម្បីបង្រ្កាបឱ្យដល់ឫសគល់។
៣៖ បន្តស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន។
៤៖ បន្តជំរុញអនុវត្តវិធានការស្រាវជ្រាវស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្រ្កាបការនាំចូល ការលួចលាក់កែច្នៃ និងការជួញដូរប្រើប្រាស់នៅតាមគោលដៅ ដោយត្រូវពង្រឹងការតាមដានគ្រប់គ្រងត្រួតពិនិត្យសកម្មភាពនៅតាមបន្ទាត់ព្រំដែន ព្រមទាំងអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយអនុវត្តតាមស្មារតីនៃពាក្យស្លោករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ «៣កុំ ១រាយការណ៍»។
៥៖ ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់ ដោយខិតខំកសាង និងពង្រឹងយន្តការទំនាក់ទំនងឱ្យបានច្បាស់លាស់។