(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលរមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្ដៀង ដោយមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ធុងជ័រចំណុះ២០លីត្រចំនួន១ ពីដុងចំណុះ២០លីត្រចំនួន១ ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់ សាប៊ូប្រូតិចចំនួន២ដុំ និងសាប៊ូម្សៅ២កញ្ចប់ ។
ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យ ស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង២៣០០ ម៉ែត្រ អណ្ដូងទឹក បង្គន់អនាម័យ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេ្តពោធិសាត់។
ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង២ ៣០០ម៉ែត្រ ដែលបានខូច លោកបណ្ឌិតសភាចារ្យ បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ ដើម្បីធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ៕