(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញនូវក្តីរីករាយចំពោះស្ថាប័នធនាគរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលព្រមទទួលយកដោយក្តីពេញចិត្ត ចំពោះការអំពាវនាវរបស់សម្តេច ឲ្យមានការយោគយល់ និងបន្ធូរបន្ថយ ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលបានជំពាក់ប្រាក់ធនាគរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ។
ការថ្លែងនូវក្តីរីករាយរបស់សម្តេច ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំពិតជាមានការរីករាយដោយសារតែ ម្សិលមិញនៅឯស្រុកមង្គលបុរី ខ្ញុំបានអំពាវនាវឲ្យមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះអ្នកដែលជំពាក់ប្រាក់ [...] អីចឹងសមាគមមីក្រូហិរញ្ញវត្ថុ គេបានទទួលយកដោយការពេញចិត្ត ដើម្បីធ្វើការអធ្យាស្រ័យ ជាមួយអ្នកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ បានសេចក្តីថា បន្ទាប់ពីការថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី នៅខេត្តបន្ទាយមានជ័យគេ [សមាគមមីក្រូហិរញ្ញវត្ថុ] ទទួលយកដោយការពេញចិត្ត នេះហើយជាកាយវិការនៃការទទួលខុសត្រូវ និងការចូលរួម»។
បន្ទាប់ពីទទួលនូវការពេញចិត្តពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមការអំពាវនាវរបស់សម្តេចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរធ្វើការឲ្យបានជិតស្និតជាមួយស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីកំណត់ឲ្យច្បាស់លាស់ នូវប្រជាពលរដ្ឋដែលរងការលិចលង់ ដោយទឹកជំនន់ឲ្យពិតប្រាកដ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងដំណាក់កាលដ៏លំបាកដោយសារជំងឺកូវីដ១៩ ការរៀបចំឥណទានឡើងវិញ សម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការរឹបអូសទ្រព្យសម្បត្តិណាមួយកើតឡើង ចំពោះប្រជាពលរដ្ឋឡើយ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ សូមបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ក្នុងដំណាក់កាលកូវីដ១៩ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់នោះឡើយ។
ភ្លាមៗបន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ, ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះ តាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់។
ឆ្លើយតបការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា, មន្ត្រីជាន់ខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា សុទ្ធតែអះអាងពីការពេញចិត្ត ក្នុងអនុវត្តន៍តាមការអំពាវនាវ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់៕