(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍បាញ់ជាច្រើនគ្រាប់បង្កដោយជនជាតិចិន និងចិន ដែលបណ្តាលឲ្យរងរបួស២នាក់។ តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការ តាមបង្ក្រាបបានភ្លាមៗ និងកំពុងបន្តនីតិវិធី។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «យប់មិញម៉ោង ២ទាបភ្លឺថ្ងៃទី២២ ខែតុលា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ (ចិន និងចិន) តែកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេសរបស់យើង បានចេញបង្រ្កាបជនបង្កភ្លាមៗហើយ»។
បើតាមលោកឧត្តមសេនីយ៍សុ្នងការ ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យតាមចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ សម្រាប់មូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់ជាច្រើនគ្រាប់នោះមិនទាន់ដឹងមូលហេតុអ្វីនោះទេ។
នៅពេលនេះជនបង្កត្រូវបាននាំខ្លួន និងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕