(ភ្នំពេញ)៖ ទន្ទឹមនឹងបង្ហាញវត្តមាននៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែតបន្ថែមទៀត។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភណ្ឌ ដែលជម្លៀសមកកាន់ទីទួល សុវត្ថិភាពផងដែរចំនួន១ម៉ឺនគ្រួសារ (ទាំង២គោលដៅ)។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន ដែលមានទម្លាប់គិតគូរអំពីសុខទុក្ខជាចម្បងនោះ បើទោះបីមិនបានចុះដល់ទីតាំងរងការលិចដោយផ្ទាល់។ តែតាំងពីចាប់ផ្តើមមានទឹកជំនន់មក បានតាមដានជាប់ជា ប្រចាំជាមួយ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីដាក់ចេញវិធានការ និងដំណោះស្រាយផ្សេងៗ។ ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់តម្លៃអាយុជីវិតពលរដ្ឋខ្ពស់លើសបញ្ហា ទាំងឡាយនោះ បានដាក់បទបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋឱ្យអស់លទ្ធភាព ជាពិសេសមិនត្រូវឱ្យមានពលរដ្ឋណាម្នាក់ស្លាប់ក្នុងទឹកព្រោះមិនបានទៅជម្លៀស ឬជួយសង្គ្រោះនោះឡើយ។
សម្រាប់ខេត្តបន្ទាយមានជ័យ មិនត្រឹមតែបានបញ្ជាដឹកនាំក្នុងប្រតិបត្តិការសង្គ្រោះនោះទេ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិការបស់សប្បុរសជនប្រមាណ ២០ម៉ឺនដុល្លាររួចហើយ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទម្លាក់ ១០០លានរៀល ដើម្បីដោះស្រាយការលំបាកទាំងឡាយ។
វត្តមានរបស់សម្តេចតេជោ លើដែនដីជាប់ព្រំដែនថៃមួយនេះ មិនមែនជារឿងថ្មីថ្មោងនោះឡើយ ពោលសម្តេចបានមានវត្តមានដែនដីនេះ ចាប់តាំងពីកម្ពុជាមានវិបត្តិផ្ទៃក្នុងដោយសង្គ្រាមប្រដាប់ អាវុធនាទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ វត្តមានរបស់សម្តេចតេជោលើទឹកដីអតីតសមរភូមិប្រដាប់អាវុធនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់សម្តេច មិនថាក្នុងសមរភូមិសង្គ្រាមប្រដាប់អាវុធ ឬសង្គ្រាមប្រយុទ្ធនឹងគ្រោះមហន្តរាយនោះឡើយ៕