(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនមិនដែលគំរាមវាយប្រហារកូរ៉េខាងត្បូង ដោយប្រើប្រាស់អាវុធ នុយក្លេអ៊ែរឡើយ ព្រមទាំងបានបញ្ជាក់ថា អាវុធនុយក្លេអ៊ែរ ដែលខ្លួនមានគឺដើម្បីការពារប្រឆាំងនឹងសហរដ្ឋអាមេរិក នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ។
កូរ៉េខាងជើង បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់គោលនយោបាយយកកូរ៉េខាងត្បូងធ្វើជា ឈ្នាន់ដើម្បីវាយប្រហារ កូរ៉េខាងជើង និងដើម្បីបង្កភាពចលាចលនៅក្នុងឧបកទ្វីបកូរ៉េ។ មួយវិញទៀត ការសាកល្បងអាវុធនុយក្លេអ៊ែរកន្លងមកគឺវាគឺជារបបគំហើញ និងការការពារខ្លួនប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមវាយប្រហារខ្លួនដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យរបស់កូរ៉េខាងជើង បាននិយាយថា «វាគ្មានហេតុផលអ្វីដែលយើង (កូរ៉េខាងជើង) ត្រូវទម្លាក់គ្រាប់បែកទៅកាន់មនុស្សដែល រស់នៅកូរ៉េខាងត្បូងនោះទេ។ កម្មវិធីអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងមានគឺដើម្បីការពារខ្លួន ពីសំណាក់ក្រុមបច្ចាមិត្តដែលមាន អាមេរិកជាមេដឹកនាំប៉ុណ្ណោះ ជាពិសេសគឺដើម្បីការសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពនៅក្នុងឧបទ្វីកូរ៉េ»។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បានបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា និងបានបញ្ជាក់ប្រាប់អង្គការ សហប្រជាជាតិថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្ដាយរណបមួយនៅចន្លោះថ្ងៃទី ០៨-២៥ ខែកុម្ភ៕