(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជាស្បៀងអាហារ គិតជាអង្ករសរុប ៩៧៨តោន និងមី១០០កេស សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមសារថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា៖ «កាយវិការដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងប្រកបដោយសមានចិត្ត សប្បុរធម៌របស់សប្បុរសជន ពីស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាជួបគ្រោះទុកភ័យ ដ៏ដូចជាការយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាក ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការនយោបាយ»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕