(តាកែវ)៖ លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍, អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាការងារ និង ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលកើតឡើងនៅក្នុងមូលដ្ឋាន ព្រមទាំងចូលរួមក្នុងពិធីបុណ្យសពគម្រប់៧ថ្ងលោក នៃ នាង អតីតមេឃុំព្រៃអំពកផងដែរ។
អតីតមេឃុំព្រៃអំពក លោក នៃ នាង មានស្នាដៃបម្រើមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំបានល្អ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក បានទទួលមរណភាពដោយរោគាពាធ។
ក្នុងពិធីសំណេះសំណាលនេះ លោកស្រី កុយ ពិសី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំឃុំនៅមូលដ្ឋានដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក ព្រមទាំងបានជំរុញឱ្យមន្រ្តីបន្តសកម្មភាពនេះ ឱ្យបានល្អប្រសើរឡើងថែមទៀត។ លោកស្រីបានកោតសរសើរដល់មន្រ្តីពាក់ព័ន្ធទាំងអស់នៅឃុំនេះ ដែលបានបំពេញការងារយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងជូនដំណឹងជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោតបានស្ទើរតែ១០០ភាគរយ។
ទោះបីជាឃុំព្រៃអំពក មិនទាន់រងគ្រោះដោយទឹកជំនន់ ដូចមូលដ្ឋានមួយចំនួនទៀតក្តី ប៉ុន្តែលោកស្រី បានដាស់តឿនថ្នាក់ដឹកនាំឃុំ ឲ្យបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អនាម័យ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ ជាមួួយគ្នានេះ លោកស្រីអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការរបស់សុខាភិបាល ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ព្រោះថា យើងអាចភ្លេចជំងឺកូវីដ១៩ ប៉ុន្តែជំងឺកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ៕