(ភ្នំពេញ)៖ ស្របពេលកម្ពុជា បានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីទាក់ទាញអាជីវកម្ម និងការធ្វើពាណិជ្ជកម្មបន្ថែម សម្រាប់ការធ្វើសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ឈានមុខគេនៅកម្ពុជា អ៊ីហ្ស៊ីខម (EZECOM) នឹងធ្វើឲ្យប្រាកដថា សេវាកម្ម និងបច្ចេកវិទ្យារបស់ខ្លួន មានការរីកចំរើនស្របតាមការកើនឡើង នៃអាជីរកម្ម និងពាណិជ្ជកម្ម ក្នុងប្រទេស។
លោក ហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុន EZECOM ឲ្យដឹងថា វាច្បាស់ណាស់ថា សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងកើតមាន ហើយការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនង នឹងកើនឡើងដូចគ្នា។ សហគមន៍ពាណិជ្ជកម្ម នឹងប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងទំនាក់ទំនងទៅកាន់ប្រទេសផ្សេងៗ។ ដូច្នេះយើងបានត្រៀមខ្លួន រួចជាស្រេច ក្នុងការផ្តល់សេវា អ៊ីនធឺណិតដែលមានល្បឿនលឿន និងប្រសិទ្ធភាពបំផុតជូនដល់ពួកគេ។
លោក ហែម សុវត្ថិ បន្តទៀតថា «កម្ពុជា ជាប្រទេសដ៏ប្រសើរមួយសម្រាប់ការធ្វើអាជីវកម្ម ហើយជាមួយនឹងដំណើរការឆ្ពោះទៅមុខ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ នឹងទាក់ទាញ អ្នកវិនិយោគថែមទៀតមកកាន់ប្រទេសកម្ពុជា។ ដូច្នេះ វានឹងធ្វើឲ្យមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានវិទ្យា»។
គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺការបង្កើតឲ្យមានទីផ្សារប្រកួតប្រជែងតែមួយ ក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីឆ្នាំមុន សហគមន៍សេដ្ឋកិច្ច អាស៊ានបានអនុម័តផែនការសម្រាប់ឆ្នាំ ២០២៥ ដើម្បីប្រាកដថាបណ្តាប្រទេសទាំងនោះ នៅតែបន្តកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនឆ្ពោះទៅរកការ ធ្វើសមាហរណកម្មនេះ។ ក្នុងឆ្នាំកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បណ្តាក្រុមហ៊ុននានា បានអនុវត្តការងារចាំបាច់រួចហើយ ដើម្បីប្រាកដថាប្រទេសកម្ពុជា នៅតែរក្សាបានទីផ្សារប្រកួតប្រជែង។
យោងតាមតួលេខចុងក្រោយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៦,២លាននាក់ ក្នុងនោះអ្នកប្រើប្រាស់អ៊ីនធឺណិតប្រើខ្សែមានចំនួន ៧៧.៣០០នាក់។
លោក ហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងថា «យើងបានត្រៀមខ្លួនរួចហើយ សម្រាប់ការជួយដល់ក្រុមហ៊ុនមួយចំនួន ដែលមកធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ហើយយើងក៏បានអនុវត្ត ការងារមួយចំនួនហើយដែរ ដើម្បីប្រាកដថាប្រទេសកម្ពុជា នៅតែរក្សាបានទីផ្សារ ប្រកួតប្រជែងដែលមានហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិជ្ជាព័ត៌មានវិទ្យាដ៏រឹងមាំមួយ»។
យោងតាមក្រុមហ៊ុន EZECOM ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើង ២០% ជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនបានត្រៀមខ្លួនរួចហើយ សម្រាប់ការហូរចូលសមស្របណាមួយ ពីការធ្វើ សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។
ក្រុមហ៊ុន អ៊ីហ្ស៉ីខម បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលជាសមាជិកតែមួយគត់នៃបណ្តាញ Asia American gateway នៅកម្ពុជា ក្នុងការពង្រីកសេវារបស់ខ្លួនគ្របដណ្តប់រហូតដល់ទៅ ៩៩% ទូទាំងប្រទេស ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ៊ីហ្ស៉ីខម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការបង្កើតខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ដែលនឹងនាំមកនូវសេវា អ៊ីនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជាផងដែរ៕