(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលប្រជាជនជួបទុក្ខលំបាក ជាទម្លាប់របស់សម្តេច តែងតែរត់រកប្រជាជនដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យផុតពីការលំបាកទាំងឡាយ ដាច់ខាតមិនដែលរត់ចោលប្រជាជន ឬឱ្យប្រជាជនរត់ទៅរកសម្តេចវិញនោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋ ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគោរពថ្លែងអំណរព្រះរាជគុណចំពោះអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រមទាំងអរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដោយសារគ្រោះទឹកជំនន់ ដោយសម្ដេចបានបញ្ជាក់ថា ព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមនៃអង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ក៏ដូចជាទឹកចិត្តសប្បុរសធម៌ទាំងនេះបានបង្ហាញនូវទឹកចិត្តស្រលាញ់គ្នាក្នុងគ្រាក្រ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអរគុណដល់់ប្រជាពលរដ្ឋដែលបានផ្ដល់ការជឿជាក់លើសម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចគ្មានអ្វីសងជូនប្រជាជនវិញទេ ក្រៅពីខិតខំការពារសន្តិភាពឱ្យខាងតែបាន ដើម្បីធានាការរស់រានមានជីវិតរបស់ប្រជាជន កុំឱ្យស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមដូចប្រទេសខ្លះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នៅពេលប្រជាជនជួបការលំបាក មិនមែនជាទម្លាប់របស់ ហ៊ុន សែន ដែលត្រូវរត់ចោលប្រជាជនទេ ប៉ុន្តែ ហ៊ុន សែន មានតែរត់មករកប្រជាជនវិញ»។
ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានរំឭកពីអនុស្សាវរីយ៍អាវពណ៌ខៀវមួយដែលសម្ដេចតែងពាក់ជាង ២៥ ឆ្នាំមកហើយ ក្នុងពេលចុះជួយប្រជាជននៅតាមមូលដ្ឋាននានា ដោយសម្ដេចបានបញ្ជាក់ថា កាលណាសម្ដេចពាក់អាវនេះហើយ បានសេចក្ដីថាសម្ដេចកំពុងចុះជួយប្រជាកសិករនៅតាមទីជនបទ៕