(កំពង់ធំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងអំពីទិដ្ឋភាពទូទៅនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រព្រឹត្តទៅដោយរលូន។
លោកបន្តថា សូម្បីតែគ្រោះទឹកជំនន់ នាពេលបច្ចុប្បន្ននេះ ក៏មិនបានបន្ទច់បង្អាក់ ដល់ដំណើរការបើកប្រាក់ជូនប្រជាជនគោលដៅដែរ ហើយកាន់តែគួរឱ្យរីករាយជាងនេះទៅទៀតនោះ គឺ ប្រជាជនដែលអ្នកទទួលផល ភាគច្រើនបំផុតបានយកថវិកានោះ ទៅប្រើប្រាស់ចំគោលដៅផ្តល់ជាប្រយោជន៍ ដល់ជីវភាពគ្រួសារ ខណៈអ្នកខ្លះយកទៅផ្តួចផ្តើមមុខរបររបស់ខ្លួនដែលអាចបានជាប្រយោជន៍ សម្រាប់ជីវភាពគ្រួសាររបស់ពួកគាត់វែងឆ្ងាយទៅមុខទៀត។
លោក វង សូត ថ្លែងបែបនេះ នាឱកាសជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាជនដែលជាអ្នកទទួលផល និងអ្នករងគ្រោះ ដោយទឹកជំនន់ចំនួន ២០០គ្រួសារ នៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
បន្ថែមពីលើនេះ លោក វង សូត ក៏តែងតែបានជួបពិភាក្សាពិនិត្យនូវដំណើរការ កម្មវិធីនេះ ជាមួយអ្នកប្រតិបត្តិករ គឺមន្ត្រីក្រុមប្រឹក្សាឃុំ និងបញ្ជរ ដែលជាអ្នកបើកប្រាក់ជូនប្រជាជនផងដែរ។
លោក វង សូត បានទទួលស្គាល់ថា អ្នកទទួលផលតិចតួច (ប្រហែលជាតិចតួចបំផុត) មិនទាន់បានប្រើប្រាស់ថវិកា ដែលរាជរដ្ឋាភិបាល បើកផ្តល់ជូនតាមរយៈកម្មវិធីខាងលើនេះ បានដោយល្អ និង ប្រកបដោយគុណប្រយោជន៍នៅឡើយទេ ដែលចំពោះអ្នកទាំងនោះលោក វង សូត មិនមានវិធានការអ្វីក្រៅតែអំពីការអំពាវនាវ និងពន្យល់ណែនាំឡើយ។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ បានចាប់ផ្តើម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ពោលគឺរហូតមកដល់ពេលនេះ គឺជាខែទី៤ហើយ ដោយកម្មវិធីបានចំណាយថវិកា (របស់រាជរដ្ឋាភិបាល) ប្រមាណជា១០៨លានដុល្លារ ហើយគិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងរបស់ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច ដែលអ្នកដឹកនាំអនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ ហើយ ថានឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រយៈពេល៣ខែទៀត ដែលនឹង ចាប់ផ្តើម ពីថ្ងៃទី២៥ ខែតុលា ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ៕