(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយមួយចំនួន ពីសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លាង ម៉េង និងឧកញ៉ា វិញ ហ៊ួរ បានធ្វើឡើងនៅទីស្តីការក្រសួងរ៉ែ និងថាមពល។
លើកឡើងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងអំណរគុណដល់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលបានផ្តល់ថវិកា និងអង្ករជាច្រើន ដើម្បីទុកសម្រាប់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមួយចំនួនមូលដ្ឋានខេត្តពោធិ៍សាត់។ ដោយលោកបានបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ មាន៤៩ឃុំ-សង្កាត់ ដែលរងការជន់លិចដោយទឹកជំនន់នេះ។
លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានសន្យាថា នឹងនាំយកអំណោយទាំងទៅចែកជូនពលរដ្ឋគ្រោះនិងឱ្យចំគោលដៅជនរងគ្រោះ យ៉ាងពិត ប្រាកដ ដោយមិនយកថវិកាទៅប្រើប្រាស់ខ្ជះខ្ជាយ និងបាត់ថវិកាមួយកាក់មួយសេនណាឡើយ គឺនឹងយកទៅប្រគល់ឱ្យដល់ដៃជនរងគ្រោះតែម្តង។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ទៅសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ទៀតថា ទន្ទឹមនឹងការផ្តល់ជំនួយជូនដល់ពលរដ្ឋ ក្រសួងរ៉ែក៏បានគិតគូរផងដែរពីការត្រៀមជួយ ពលរដ្ឋពេលដែលទឹកស្រកចុះវិញ ដោយក្រសួងនឹងស្វែងរកគ្រាប់ពូជដំណាំរួមផ្សំផ្សេងៗ ទុកចែកជូនពលរដ្ឋបានដាំដុះ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារពួកគាត់ឡើងវិញផងដែរ។
អ្នកឧកញ៉ា លាង ម៉េង បានឱ្យដឹងដែរថា នៅក្នុងឱកាសខេត្តពោធិ៍សាត់ជួបប្រទះនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរ សមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជា បានឯកភាពគ្នាប្រមូលជាថវិកា ដើម្បីចូលរួមចំណែកឧបត្ថម្ភ ជាថវិកា ប្រគល់ជូនដល់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីបានយកទៅប្រើប្រាស់ចំគោលដៅពលរដ្ឋដែលរងគ្រោះពិតប្រាកដ។
អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមទៀតថា ការនាំយកអំណោយមកពេលនេះ ក៏ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើ រោងចក្រស៊ីម៉ងត៍នៅកម្ពុជា អាចដំណើរការបានដោយរលូន ហើយជាក់ស្តែងទៀតនោះ ទោះបីជាប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏រោងចក្រស៊ីម៉ងត៍ទាំងអស់ នៅតែបើកដំណើរការបានដូចធម្មតា និងការពារបានការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋដោយមិនមានការបញ្ឈប់បុគ្គលិកណាម្នាក់នោះទេ។
សូមបញ្ជាក់ដែរថា សម្រាប់ថវិកាទាំង៨ម៉ឺនដុល្លារនោះជាថវិកា បានមកពីសមាគមឧស្សាហកម្មស៊ីម៉ង់កម្ពុជា ក្នុងនោះ អ្នកឧកញ៉ា លាង ម៉េង បានឧបត្ថម្ភបន្ថែម អង្ករ៥០តោន និងលោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភបន្ថែម អង្ករ៥០តោនផងដែរ៕