(ភ្នំពេញ)៖ ក្រុមមន្រ្តីរាជការ និងកងកម្លាំងសមត្ថកិច្ចមួយចំនួន សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ លុបបំបាត់ភាពមិនប្រក្រតីចំពោះ អ្នកដែលសុំពន្យាពេលចូលនិវត្តន៍ បើទោះបីពួកគេទាំងនោះបានដល់អាយុដែលច្បាប់តម្រូវឲ្យចូលនិវត្តន៍ក៏ដោយនោះ ប៉ុន្តែនៅតែមានវត្តមានបម្រើការងារដដែល។
ការអំពាវនាវទាំងនេះ របស់ក្រុមមន្រ្តីរាជការ និងកងកម្លាំងសមត្ថកិច្ច បានធ្វើងឡើងក្នុងគោលបំណងចង់ឲ្យក្រុមយុវជនដែលមានសមត្ថភាពខ្លះមានឱកាសមកបម្រើប្រទេសជាតិជាមួយរាជរដ្ឋាភិបាល កាន់តែរីកចំរើន និងអភិវឌ្ឍន៍ខ្លាំងឡើង។ ជាគោលការណ៍ផ្លូវច្បាប់ មន្រ្តីមុខងារសាធារណៈទាំងអស់ តម្រូវឲ្យចូលនិវត្តន៍ កំណត់អាយុ៦០ឆ្នាំ មិនដូចមន្រ្តីនយោបាយនោះឡើយ។
ប្រជាពលរដ្ឋ និងមន្រ្តីរាជការមួយចំនួន បានបញ្ចេញទស្សនៈថា មន្រ្តីសាធារណៈខ្លះ ដល់អាយុ៦០ឆ្នាំទៅហើយ បែរជានាំគ្នាស្ទុះស្ទា ទៅសុំពន្យាពេលបន្តទៀត ដើម្បីបំពេញសេចក្តី ត្រូវការចុងក្រោយ ហើយការសុំពន្យាពេលចូលនិវត្តន៍នេះ បានបំពុលបរិយាកាសសង្គមយ៉ាងខ្លាំង នោះគឺនាំឲ្យក្រុមយុវជនដែលមានសមត្ថភាពមួយចំនួនធំ បាត់បង់ឱកាសចូលរួមកសាង សង្គមជាតិរបស់យើង ដ៏សែនមានសន្តិភាព និងការរីកចម្រើននេះ។
មតិទាំងនោះ បានបន្ថែមថា កត្តាទាំងនេះបានជះទឹកត្រឡប់ទៅ ថ្នាក់ដឹកនាំវិញ ដោយមន្រ្តីខ្លះប្រើពាក្យថា «ខ្លួនមិនចង់នៅបន្តទេ តែដោយសារថ្នាក់លើបង្ខិតបង្ខំខ្លួនឲ្យបន្ត ដូច្នេះបើខ្លួនធ្វើអ្វីខុស បន្តិចបន្តួច កុំស្តីបន្ទោសគួរបន្ទោសថ្នាក់លើចុះ»។ តាមទស្សនៈរបស់ប្រជាពលរដ្ឋ ពួកគាត់ពិតជាចង់ឃើញ រាជការសាធារណៈ មានតម្លាភាព និងទាមទារធ្វើយ៉ាងណា ឲ្យមានយុត្តិធម៌សង្គម ស្រឡាញ់កិត្តិយស គោរពច្បាប់ទាំងអស់គ្នា ជៀសវាងនៅភាព អយុត្តិធម៌។
បើតាមប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងនោះ អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មានឧត្តមសេនីយ៍ វរៈមន្ត្រី អនុមន្រ្តី ដែលបានចូលនិវត្តន៍ ដោយមិនមានការពន្យាពេលឡើយ ខុសតែស្ថាប័នអ្នកច្បាប់មួយចំនួនមាន ចៅក្រម និងព្រះរាជអាជ្ញាជាដើម ដែលសុំពន្យាចូលនិវត្តន៍ ដោយគ្មានការអៀនខ្មាស់។
នៅក្នុងស្មារតីបម្រើជាតិ មាតុភូមិដូចគ្នា ប្រសិនបើ ឧត្តមចៅក្រម ឬឧត្តមព្រះរាជអាជ្ញា រាជធានី-ខេត្តណាម្នាក់ សុំពន្យាពេលចូលនិវត្តន៍បាននោះ ឧត្តមចៅក្រម និងឧត្តមមន្រ្តីឯទៀត ក៏សុំពន្យាពេលមិនចូលនិវត្តន៍បានដូចគ្នាដែរ ពីព្រោះមន្រ្តីដែលដល់អាយុចូលនិវត្តន៍នៅតាមបណ្តា រាជធានី-ខេត្ត បច្ចុប្បន្នជាច្រើនរូប មានឋានន្តរស័ក្កិជាឧត្តមមន្រ្តី ឬវរមន្រ្តីដូចគ្នា។ មួយរយៈចុងក្រោយនេះ គេបានឃើញយ៉ាងច្បាស់ថា មានអ្នកចូលនិវត្តន៍នៅតាមបណ្តា រាជធានី-ខេត្ត នាំគ្នារត់ការប្រសេកប្រសាចសុំពន្យាពេលខុសប្រក្រតីដែលនាំ ឲ្យមានការរិៈគន់យ៉ាងខ្លាំង នៅពេលដែលក្រុមយុជន ជាច្រើន បានរៀនចប់រកការងារធ្វើមិនបានផង។
យ៉ាងណាក៏ដោយ សម្រាប់ការលើកឡើងបែបនេះ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលធ្លាប់ បានបញ្ជាក់ត្រឡប់ទៅវិញថា មន្រ្តីរាជការសាធារណៈ ឲ្យតែដល់អាយុចូលនិវត្តន៍ គឺត្រូវដាក់ឲ្យចូលហើយមិនមានការពន្យានោះឡើយ ពីព្រោះឥឡូវនេះ មានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការកិច្ចការងារនេះ ជាបន្តបន្ទាប់។
ក្រុមមន្រ្តីរាជការទាំងនោះ មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ពេលឃើញប្រជាប្រីយភាព របស់សម្តេចកើនឡើងនូវជំនឿជឿជាក់ និងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងនោះ មានការសោកស្តាយ និងមិនសូវពេញចិត្តនិងស្ថាប័នតុលាការ ដែលចៅក្រម និងព្រះរាជអាជ្ញាខ្លះបានធ្វើឲ្យបាត់ជំនឿ និងធ្លាក់ចុះ ប្រជាប្រិយភាពលើអនុវត្តច្បាប់ តួយ៉ាងដូចជា កន្លងមកមានករណីជាច្រើន ដែលស្ថាបន័តុលាការ ធ្វើឲ្យសមត្ថកិច្ចខកចិត្តយ៉ាងខ្លាំងនោះគឺ «សមត្ថកិច្ចខំចាប់ តែតុលាការខិតខំរកវិធីសាស្ត្រដោះលែងជនល្មើស»។
មន្រ្តីរាជការទាំងនេះបានបញ្ចេញទស្សនៈថា «យើងទាំអស់គ្នាមិនមានការជឿជាក់ និងមិនស្ងប់អារម្មណ៍ឡើយ ដោយរង់ចាំឃ្លាំមើលជារៀងរហូតឲ្យដឹងច្បាស់ថា តើអ្នកណាគោរពច្បាប់ អ្នកណារំលោភច្បាប់ ហើយចង់ឲ្យសម្តេចនាយករដ្ឋមន្ត្រី បញ្ចេញមាត់ទិព្វ ដាក់ឲ្យអ្នកចូលនិវត្តន៍តាមស្មារតីច្បាប់ទាំងអស់គ្នា ដើម្បីលើកតម្លើងកិត្យានុភាពជាតិខ្មែរ ដែលមានប្រពៃណី វប្បធម៌ល្អរុងរឿងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសពង្រឹងរក្សាសន្តិសុខនៅកម្ពុជាជាអមតៈ»៕