(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានបន្តអំពាវនាវដល់ស្ត្រីខ្មែរគ្រប់រូប ពិចារណាក្នុងការយកប្តីបរទេស ដើម្បីចៀសវាងការចាញ់បោកគេ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានស្ត្រីខ្មែរម្នាក់ដែលអះអាងថា ជាជនរងគ្រោះពីការរំលោភបំពាន ដោយការចាញ់បោកអ្នកដទៃ តាមរយៈការរៀបអាពាហ៍ពិពាហ៍នៅប្រទេសចិន បានស្នើសុំការជួយអន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការអន្តរាគមន៍ភ្លាមៗពីក្រសួងការបរទេស ស្ត្រីរូបនេះនឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសេវាគាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅចំពោះមុខមន្ត្រីពាក់ព័ន្ធនានា និងអង្គការសង្គមស៉ីវិល ដូចជាសម្ព័ន្ធចាប់ដៃ និងដៃគូរអភិវឌ្ឍន៍ ERIKS ផងនោះ លោកស្រី ជូ ប៊ុនអេង បានលើកផ្តាំទៅក្មួយៗ ប្អូនស្រីៗ ដែលមានវ័យក្មេងៗ សូមមេត្តាគិតគូរឲ្យមែនទែន ចំពោះការស្វែងរកគូស្រករនៅក្រៅប្រទេស ដែលចង់បានអាពាហ៍ពិពាហ៍ដ៏ល្អ។ ប៉ុន្តែ ពេលខ្លះការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស មិនមែនសុទ្ធតែដូចអ្វី ដែលអាចគ្រោងទុកឡើយ ជាពិសេសនោះការរៀបអាពាហ៍ពិពាហ៍បរទេស តាមរយៈមេខ្យល់ទៀតសោត ងាយនឹងជួបប្រទះការចាញ់បោកគេខ្លាំងណាស់។
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដាស់តឿនថា ការចាញ់បោកមេខ្យល់ តាមរយៈការរៀបអាពាហ៍ពិពាហ៍ជាមួយប្តីបរទេសនេះ មានរឿងច្រើនណាស់មកហើយ ប៉ុន្តែស្ត្រីៗមួយចំនួន ហាក់បីដូចជា មិនបានយករឿងទាំងនេះមកគិត ហើយនៅតែប្រថុយប្រថានប្រព្រឹត្តទៀត។ ការប្រថុយប្រថាននេះ ដោយសារពួកគាត់គិតថា ពេលយកប្តីបរទេសអាចនឹងមានលាភសក្ការៈ។
ទោះជាយ៉ាងនេះក្តីលោកស្រី ជូ ប៊ុនអេង ដែលជាអ្នកប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើបញ្ហាជួញដូរមនុស្ស សំណូមពរដល់ស្ត្រីខ្មែរ គួរតែកុំភ្លើតភ្លើន និងកុំលោភលន់ ជាមួយនឹងភាពមានបាន ដោយសារអាពាហ៍ពិពាហ៍នៅក្រៅប្រទេស។ លោកស្រីថ្លែងថា ពួកគាត់គួរតែទប់ស្មារតីទៅ ដើម្បីកុំឲ្យចាញ់បោកគេ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំចេះតែប្រថុយប្រថាន ហើយយើងរៀនរស់នៅក្នុងស្រុក រៀនរស់នៅក្នុងស្ថានភាពមួយ ដែលល្អប្រសើរដូចគេដូចឯង ពីព្រោះមនុស្សរាប់លាននាក់ ដែលគេរស់នៅបាន តើហេតុអីបានជាគេមិនអាចរស់នៅទីនេះបាន។ បើចេញទៅក្រៅប្រទេស យើងមិនហាមឃាត់ទេ បើក្នុងករណីមានសុវត្ថិភាព ប៉ុន្តែបើយល់ថា ចេញទៅហើយចាញ់បោកគេ គ្មានសុវត្ថិភាព គួរតែទប់ស្កាត់ចិតខ្លួនឯង ដើម្បីកុំឲ្យមានការចាញ់បោកបន្តទៀត»។
លោកស្រីសង្កត់ធ្ងន់ៗថា «ពេលចាញ់បោក យើងខាតពេលវេលា ខាតទ្រព្យសម្បតិ្ត ខាតសេចក្តីថ្លៃថ្នូរ ហើយពេលខ្លះគេសង្គ្រោះបានក៏ល្អ ពេលគេសង្គ្រោះមិនបាន យើងនឹងជួបវិបត្តិមួយជីវិត»។
គួរជម្រាបថា ស្ត្រីខ្មែរម្នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះដោយការរំលោភបំពានតាមរយៈអាពាហ៍ពិពាហ៍ នៅប្រទេសចិន នឹងធ្វើមាតុភូមិនិវត្តន៍វិញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រោយក្រសួងការបរទេស តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រុងសៀងហៃ ជួយអន្តរាគមន៍។ ការអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីគាត់បង្ហោះវីដេអូលើបណ្តាញសង្គម Facebook អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយសង្គ្រោះដោយសារចាញ់បោកគេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែររូបនេះ ដែលមានឈ្មោះថា សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។ ស្ត្រីរងគ្រោះខាងលើ បានទៅដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយស្នាក់នៅទីនោះ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃខាងមុខនេះ។
លោក គុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់បានមកដល់ស្ថានអគ្គកុងស៊ុល នៅវេលាម៉ោង ២១៖០០យប់ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០) ដោយសុវត្តិភាព ហើយស្នាក់នៅស្ថានអគ្គកុង ស៊ុលកម្ពុជា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទើបចេញដំណើរត្រឡប់ទៅកម្ពុជាវិញតាមជើងយន្ដហោះ (Spring Airlines 9 c8533) ចេញដំណើរពីទីក្រុងសៀងហៃ វេលាម៉ោង ១៣៖៥៥នាទី និងទៅដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ១៧៖០៥នាទី ល្ងាចថ្ងៃដដែល»។
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក៏ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយធ្វើដំណើរមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា កាលពីយប់មិញនោះ ខាងមន្រ្តីរបស់យើង បានមើលថែគាត់បានយ៉ាងល្អ និងបានរៀបចំរួចរាល់ហើយដែរសម្រាប់ការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ។
លោកបានអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលអាណិត និងបារម្ភពីប្អូនស្រីដែលជាជនរងគ្រោះ និងបានជួយចែកចាយព័ត៌មានបន្តគ្នា ទើបធ្វើឲ្យស្ថានអគ្គកុងស៊ុល ទទួលបាននូវព័ត៌មានយ៉ាងឆាប់រហ័ស។ សូមអរគុណដល់កិច្ចសហការដ៏ល្អ របស់ប៉ូលីសអន្តោប្រវេសន៍ចិន និងអង្គការសម្ព័ន្ធចាប់ដៃកម្ពុជា (ជួយចេញថ្លៃសំបុត្រយន្តហោះ) និងបុគ្គលិកស្ថានអគ្គកុងស៊ុលទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត។
បើតាមវីដេអូមួយ ដែលត្រូវបានចែកចាយលើ Facebook, និយាយបណ្តើរស្រក់ទឹកបណ្តើរ ស្រីពេជ្រ បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមើលវីដេអូគាត់ហើយ សូមមេត្តាជួយចែកចាយសំឡេងទុក្ខសោករបស់គាត់ ឲ្យបានដល់សម្តេចតេជោ ហ៊ុន សែន ផង។ គាត់និយាយថា បានចាញ់បោកគេ ពេលទៅដល់ប្រទេសចិន ដោយបន្ថែមថា គាត់មិនមានទូរស័ព្ទទាក់ទងទៅគ្រួសារឡើយ។ ស្រីពេជ្រ បានលួងលោមសុំខ្ចីទូរស័ព្ទពីអ្នកដទៃម្នាក់ ដើម្បីថតវីដេអូនេះ ហើយបង្ហោះលើបណ្តាញសង្គមតែម្តង។
«ខ្ញុំបានរងទុក្ខនៅទីនេះអស់រយៈពេល ២ឆ្នាំមកហើយ។ ខ្ញុំចង់ទៅផ្ទះ។ ខ្ញុំមិនចង់នៅទីនេះទៀតទេ។ ខ្ញុំបានទទួលរងការរំលោភបំពាន។ ខ្ញុំសូមស្នើសុំទៅលោកអ៊ុ ហ៊ុន សែន និងឯកឧត្តមណាក៏បាន សូមជួយខ្ញុំផង។ ឥឡូវនេះ ខ្ញុំមានជំងឺក្នុងខ្លួន ហើយក៏អត់មាននរណា ជួយយកខ្ញុំទៅពេទ្យដែរ។ ខ្ញុំត្រូវបានគេទុកចោលទីនេះ»។ នេះគឺជា សំឡេងទួញសោករបស់ ស្រីពេជ្រ នៅក្នុងវីដេអូ។
ក្នុងវីដេអូនេះ ស្រីពេជ្រ បានសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នឹងជួយគាត់ឲ្យបានត្រឡប់មកផ្ទះវិញ។ គាត់ថ្លែងថា «យ៉ាងហោចណាស់ ក៏ខ្ញុំអាចបានជួបមុខ ឪពុកម្តាយខ្ញុំម្តងទៀតដែរ។ (បើជួយបាន) ពេលខ្ញុំស្លាប់ ក៏ខ្ញុំអាចបិទភ្នែកជិតដែរ»។
គួរកត់សម្គាល់ថា ស្រីខ្មែរមិនតិចនាក់ទេ ដែលត្រូវបានចាញ់បោកអ្នកដទៃ តាមរយៈអាពាហ៍ពិពាហ៍បែបនេះ។ មានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកាចសាហាវ យកពួកគាត់ទៅប្រើប្រាស់ដូចសត្វធាតុក៏មាន។
ចំពោះករណីខាងលើនេះ លោកស្រី ជូ ប៊ុនអេង បានចាត់ទុកថា គឺជាសំណាងល្អមួយដែលជនរងគ្រោះ អាចផ្សព្វផ្សាយរកផ្លូវអន្តរាគមន៍បាន ប៉ុន្តែបើសិនករណីគាត់មិនមាន មធ្យោបាយប្រើប្រាស់បណ្តាញសង្គមទេ ច្បាស់ជាជួបបញ្ហាអកុសលមិនខានឡើយ។ លោកស្រីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការមមាញឹក និងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីជួយជនរងគ្រោះ ពីការរំលោភបំពាន។
លោកស្រីថ្លែងទៀតថា ករណីរបស់ ស្រីពេជ្រ សូម្បីតែឃើញតាមហ្វេសប៊ុក ក៏គេនៅតែខិតខំជួយគាត់។ ខាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់ទៅក្រុមការងារប្រឆាំងការជួញដូរមនុស្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក៏ប្រាប់ទៅក្រសួងការបរទេសទៀត ទើបជួយគាត់បានដោយប្រសិទ្ធភាព៕