(កំពង់ឆ្នាំង)៖ អ៉ិចស្កាវ៉ាទ័រតាចំនួន ៣គ្រឿង ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ចុះចាប់ឃាត់បាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលគ្រឿងចក្រទាំង ៣គ្រឿងខាងលើនេះ បាននិងកំពុងតែធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីព្រៃឈើរបស់រដ្ឋនៅចំណុច ខ្លុងរលើងក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើតាមលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដែលបានចូលរួមក្នុងការចុះបង្ក្រាប បទល្មើសឈូសឆាយទន្ទ្រានយកដីព្រៃរបស់រដ្ឋខាងលើនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបរិបូណ៌ បនថ្ថែមថា គ្រឿងចក្រដែលធ្វើសកម្មភាពឈូសឆាយ ដីព្រៃរបស់រដ្ឋខាងលើនេះ មានចំនួន៥គ្រឿង ក្នុងនោះមានអេស្កាវ៉ាទ័រចំនួន៤គ្រឿង និងត្រាក់ទ័រកង់កៅស៊ូចំនួន១គ្រឿង តែនៅពេលក្រុមចម្រុះចុះទៅដល់ទីតាំង គ្រឿងចក្រទាំងអស់កំពុងតែធ្វើសកម្ម ភាពឈូសឆាយនោះ មាន២គ្រឿងបានដករត់គេចខ្លួនបាត់ នៅសល់តែអេស្កាវ៉ាទ័រ៣គ្រឿង ត្រូវបានកម្លាំងចំរុះចាប់ឃាត់បាននៅនឹងកន្លែង។ លោកថា គ្រឿងចក្រទាំង៣ គ្រឿង ដែលកម្លាំងឃាត់បានខាងលើនេះ គឺ២គ្រឿងជារបស់ឈ្មោះ ច្រឹក ជ្រឹង មានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង និង១គ្រឿងទៀត គឺជារបស់ឈ្មោះ សេង គីម។
លោកវីរសេនីយ៍ត្រី បានបន្តឲ្យដឹងទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីបានទទួលបទបញ្ជាពីលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាឲ្យ លោកដឹកនាំកម្លាំង ដើម្បីចូលរួមជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាពស្រុក មានដូចជា៖ កងរាជអាវុធហត្ថ សឹករងស្រុក សង្កាត់រដ្ឋបាលជលផល សហគមន៍ និងក្រុមប្រជាការពារ ដែលដឹកនាំការបង្ក្រាបដោយលោក អ៉ឹម ផង់ ប្រធានរដ្ឋបាលស្រុក តំណាងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌។
លោក ថោង វ៉ាន់វីរាវុឍ្ឍី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះដែរថា គ្រឿងចក្រទាំង៣គ្រឿង ដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់បានខាងលើនេះ គឺបានធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានយកដីគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋ ស្ថិតក្នុង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយពួកគេបានឈូសឆាយក្រវាត់ យកដីរបស់រដ្ឋអស់ចំនួន ១០ហិកតារ។
ដោយឡែកគ្រឿងចក្រទាំង៣គ្រឿង លោកបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប៉ុន្ត២គ្រឿងបានយកទៅដល់គោលដៅហើយ នៅសល់១គ្រឿង ខូចនៅតាមផ្លូវ ហើយលោកកំពុងតែធ្វើការជួសជុលសិន។ បច្ចុប្បន្ន លោកក៏កំពុងតែស្វែងរកម្ចាស់ដី និងម្ចាស់គ្រឿងចក្រ ដើម្បីនាំយកឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយករណីនេះលោកក៏កំពុងតែកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការផងដែរ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំ ក្បែរទីតាំងដីព្រៃ ដែលត្រូវបានគេឈូសឆាយយកខាងលើនេះ បានបង្ហើបប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពាក់ព័ន្ធនឹងក្រុមឈ្មួញទុច្ចរិត ដែលបានប្រព្រឹត្តបទល្មើស ដោយលួចយកគ្រឿងចក្រមកឈូសឆាយកាប់រានទន្ទ្រានយកដីគម្របព្រៃឈើឆ្នាំ២០០២របស់រដ្ឋ នៅចំណុចក្បែរស្ទឹងខ្សាច់សនេះ គឺកើតមានជាយូរថ្ងៃមកហើយ។ ភាគច្រើនក្រុមទាំងនោះ លួចធ្វើតែពេលយប់ ហើយការកាប់រានន្ទ្រាន រំលោភយកដីព្រៃរបស់រដ្ឋនេះ បើគិតពីទំហំដី គឺអស់ប្រមាណជាជាង ២០ហិកតារឯណោះ៕