(ក្រចេះ)៖ ស្ថានភាពបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌសម្រាប់ខេត្តក្រចេះ មិនកើតមានធ្ងន់ធ្ងរនោះទេ នេះក៏ដោយសារតែ កងកម្លាំងនគរបាលទាំងអស់ មានឆន្ទះមុះមុត និងកាតព្វកិច្ចការងារតាំងពីថ្នាក់មូលដ្ឋាន រហូតថ្នាក់ស្នងការដ្ឋាន។ តែទោះជាបែបណា ក៏កម្លាំងនគរបាលត្រូវតែបន្តសកម្មភាព ឲ្យកាន់តែខ្លាំងកលើកិច្ចការងារបង្ការ ទប់ស្កាត់ នៅរាល់បទល្មើសឲ្យកាន់តែមានប្រសិទ្ឋភាព។ នេះជាការលើកឡើងរបស់លោកស្នងការនគរបាលខេត្ត ថ្លែងទៅកាន់លោកស្នងការរងគ្រប់ផែន នាយការិយាល័យអធិការនគរបាល ស្រុក-ក្រុង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ និងលើកទិសដៅអនុវត្តបន្តនៅខែថ្មីព្រមទាំង ផ្សាព្វផ្សាយសេចក្តីជូនដំណឹងលេខ ០០៥/១៦ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងសេចក្តីណែនាំលេខ០០១ របស់អគ្គស្នងការនគរបាលជាតិស្តីពីការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាមនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ លន់ សុផាត បានសម្តែងនូវការកោតសរសើរ ដល់កងកម្លាំងនគរ បាលប៉ុស្តិ៍ ស្រុក-ក្រុង នៅទូទាំងខេត្ត ដែលខិតខំបំពេញកិច្ចការងារធ្វើឲ្យមូលដ្ឋានមាន សុខសុវត្ថិភាពទទួល បានការសរសើរ និងមានទំនុកចិត្តជាខ្លាំងពីប្រជាពលរដ្ឋ ប៉ុន្តែលោកនឹងមានវិធានការ ដល់មន្រ្តីមួយចំនួនដែលអសកម្មនិងការងារ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម និងខិតជិតចូលមកដល់ពេលខាងមុខ លោកឧត្តមសេនីយ៍ លន់ សុផាត បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ បន្ថែមពលើទិសដៅផែនការរបស់អគ្គស្នងការនគរបាលជាតិដោយជំរុញ ឲ្យកម្លាំងនគរបាលពង្រឹង កិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ បង្កើនវេណប្រចាំការឲ្យជាប់ជា ប្រចាំតាមទីប្រជុំជនបណ្តាតំបន់ទេសចរណ៍នានាបង្ការទប់ស្កាត់ កុំឲ្យជនល្មើសឈ្លាត ឱកាសប្រព្រឹត្តសកម្មភាពណាមួយបាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ លន់ សុផាត ក៏បានធ្វើពិធីប្រគល់សម្ភារប្រើប្រាស់នៅតាមប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៤៦ នៅទូទាំងខេត្ត ក្នុង១ប៉ុស្តិ៍ ទទួលបាន តុ១ កៅអី១ និងក្រដាស់រាម៥ដុំ៕