(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកនេះ បានលើកសរសើរឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងយកអំណោយអង្ករ៥០តោន ហើយថែមដឹកនាំតារាចម្រៀងល្បីៗ ដូចជា ព្រាប សុវត្តិ, លោក ខេម, កញ្ញា តន់ ច័ន្ទសីម៉ា, អ៊ុក សុវណ្ណារី ជាដើម ចុះចែកអំណោយដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍កោតសរសើរបែបនេះ
ធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង ថា «ការពិតលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើដំណើរត្រឡប់ទៅវិញ ហើយដោយសម្រាកនៅ ខេត្តសៀមរាប បន្ទាប់ ពីនាំក្រុមតារាមកចែកអំណោយជូនពលរដ្ឋ ប៉ុន្តែសម្ដេចបានបបួលមកចូលរួមកម្មវិធីចែក អំណោយ នេះជាមួយសម្ដេច។

សម្ដេចតេជោថ្លែងថា «គេជួយ ៦០ម៉ឺន ដុល្លារឧកញ៉ាវ័យក្មេងមួយនេះជួយដល់ ៦០ម៉ឺនដុល្លារឯណោះ រួចហើយគេដឹកអង្ករ ៥០តោនមកចែកជូនពលរដ្ឋ នៅខេត្តបន្ទាយមានជ័យទៀត អ៊ីចឹងហើយគេត្រឡប់ទៅដល់សៀមរាបក៏ហៅមកជាមួយ ទៅ...!។ ព្រឹកនេះមានអ្នកចម្រៀងមកជាមួយ មានអ្នកចម្រៀងល្បីៗ មាន ខេម មាន ព្រាប សុវត្តិ អ៊ីហ្នឹង ខ្ញុំមិនស្គាល់អស់ទេ ប៉ុន្តែអរគុណហើយដែលបានមកជាមួយ»

ទន្ទឹមនឹងគ្នានោះដែរ សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភដល់រាជ រដ្ឋាភិបាលដោយគិតត្រឹមម៉ោង ១១៖ ២៩ នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០នេះថវិកាទទួលបាន ៧,១៧០, ៥៤៩ ដុល្លារ ក្នុងនោះ ៦២៧, ០២៥, 000 រៀល, ៥.០00€ (ប្រាំ ពាន់អឺរ៉ូ) និង អង្ករ ១០០តោន។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុន ជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួនដ៏ច្រើនជាងគេ។

សូមបញ្ជាក់ថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាលពីម្សិលមិញនេះ បានដឹកនាំតារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនដួងបានបង្ហាញវត្តមានជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ ក្នុងមានលោក ព្រាប សុវត្តិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករចំនួន៥០តោន និងគ្រឿងឧបភោគបរិភោគ ជាច្រើនថែមទៀតផង ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។

សកម្មភាពនេះបានធ្វើឱ្យមហាជនកោតសរសើរ នៅទឹកចិត្តមនុស្សធម៌នេះជាខ្លាំងពិសេសនោះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកសរសើរចំពោះមុខតែម្ដង៕