(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកទទួលជំនួយផ្ទាល់ពីសប្បុរសជនកន្លងមកនោះ បានផ្តាំផ្ញើដល់ម្ចាស់ជំនួយជាសប្បុរសជនថា មិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តនោះទេ ដោយបានសន្យាថានឹងប្រើប្រាស់ជំនួយទាំងនោះទៅដល់ជនរងគ្រោះពិតប្រាកដ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ៥ពាន់គ្រួសារ (គោលដៅទី២) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា មកទល់ពេលនេះ សម្ដេចបានទទួលថវិកាពីសប្បុរសជនជិត ៨ លានដុល្លារអាមេរិកហើយ ខណៈរាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាបម្រុងសម្រាប់កូវីដ-១៩ យកមកប្រើសម្រាប់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់នេះ ក្នុងនោះមានទាំងគ្រឿងឧបភោគ-បរិភោគផងដែរ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកានេះ តាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ ដែលសម្ដេចជាប្រធានផ្ទាល់ ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយដែលចូលរួមឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារនានាសម្រាប់់ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះ។
ប្រមុខរាជរដ្ឋាភិបាលក៏បានសន្យថា នឹងប្រើប្រាស់ជំនួយឧបត្ថម្ភដែលសប្បុរសជនបានជួយឧបត្ថម្ភ នាពេលកន្លមកនោះ ឱ្យចំគោលដៅជនរងគ្រោះពិតប្រាកដ ពោលគឺមិនឱ្យសប្បុរសជនទាំងឡាយខកបំណងនោះឡើយ។
សម្ដេចបានថ្លែងបន្តថា «សូមផ្ដាំផ្ញើទៅម្ចាស់ជំនួយដែលចូលរួមជួយឧបត្ថម្ភតាមរយៈខ្ញុំ សូមជឿទុកចិត្ត ខ្ញុំមិនធ្វើឱ្យបងប្អូនដែលផ្ដល់ជំនួយតាមរយៈខ្ញុំដែលមានជិត ៨ លានដុល្លារនេះ ខកចិត្តនោះទេ ខ្ញុំនឹងប្រើប្រាស់ឱ្យចំគោលដៅទៅកាន់ជនរងគ្រោះពិតប្រាកដ ដែលកិច្ចការងារនេះយើងបាននិងកំពុងធ្វើ»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរថា កិច្ចការបន្ទាប់ក្រោយបញ្ចប់ទឹកជំនន់នេះ គឺការដាំដុះតទៅទៀត ដើម្បីជំរុញវិស័យកសិកម្ម។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕