(បន្ទាយមានជ័យ)៖ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលត្រូវជម្លៀសចេញពីតំបន់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានថវិកាគ្រប់គ្រាន់ក្នុងការផ្តល់ជំនួយជូនដល់ពលរដ្ឋដែលរងគ្រោះ ដោយសារ ទឹកជំនន់ ហើយបើទោះបីជាបរទេសខ្លះបានប្រកាសថាផ្តល់ជំនួយដល់កម្ពុជា តែមកដល់ពេលនេះមិនទាន់បានទទួលមួយសេនណាយកមកប្រើប្រាស់ទេនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូចនេះថា «មកដល់ម៉ោងនេះពេលនេះ ទោះបីបរទេសខ្លះប្រកាសថាផ្តល់ជំនួយ ក៏ប៉ុន្តែយើងមិន ទាន់បានទទួលមួយសេនណា យកមកប្រើប្រាស់ទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា សម្តេចតែងតែប្រាប់ទៅដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ត្រូវតែត្រៀមថវិកាបម្រុងទុកដើម្បីបានប្រើប្រាស់ ភ្លាមៗ ជាក់ស្តែងនៅពេលនេះពលរដ្ឋ២ម៉ឺនគ្រួសារ បានទទួលអំណោយដែលបានយកពីរាជធានីភ្នំពេញ ហើយនៅពេលនេះដែរក៏ត្រូវតែដឹកអំណោយមកបន្ថែមចំនួន ១៥,០០០គ្រួសារ ដើម្បីទុកចែកជូនពលរដ្ឋរងគ្រោះបន្ថែមទៀតក្នុងស្តង់ដាររបស់សម្តេច។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ និងសម្រាក មួយយប់នៅខេត្តសៀមរាប ទើបបន្ដដំណើរទៅកន្លែងរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID បានប្រកាសផ្តល់ថវិកា សរុបចំនួន ១០០,០០០ដុល្លារ ជាជំនួយមនុស្សធម៌ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀងនៅប្រទេសកម្ពុជា តែមកដល់ពេលនេះកម្ពុជាមិនទាន់ទទួលបានជំនួយមួយសេនណាមួយឡើយ។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕