(កំពង់ឆ្នាំង)៖ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ បាននាំគ្រឿងចក្រ ជីកប្រឡាយនាំទឹក១៧០០ម៉ែត្រ យកទៅជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋស្ថិតនៅភូមិដងទង់ ឃុំកោះថ្កូវ ស្រុក ជល់គីរី ខេត្តកំពង់ឆ្នាំង។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក បានឲ្យដឹងថាការងារនេះបានចុះធ្វើចាប់ពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នឹងត្រូវរួចរាល់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបូមទឹកចេញពីទន្លេនាំទៅស្រោចស្រពស្រូវប្រាំង របស់ប្រជាពលរដ្ឋដែលកំពុងរង់ចាំសង្គ្រោះចំនួន ២១១ហិកតា នៅក្នុងភូមិឃុំខាងលើទាន់ពេលវេលា៕