(ប៉ៃលិន)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង,
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដ៏ឧត្តុងឧត្តម ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យលិចលំនៅដ្ឋាន និងផលដំណាំ មានចំនួនសរុប៥៩៩គ្រួសាររស់នៅក្នុងភូមិចំនួន១៦ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សកម្មភាពចែកព្រះរាជអំណោយ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ អមដំណើរដោយលោកស្រី សុខ នារី គុយសុផល រួមសកម្មភាពដោយ លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងលោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំង ជាច្រើនរូបទៀត។
សំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះ លោក គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាល ព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងរស់នៅមូលដ្ឋានខាងលើ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកំពុងជួបប្រទះនូវការលំបាក ខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជំរក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។
ហេតុនេះហើយទើបព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន លោក គុយ សុផល នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនបងប្អូនទាំង៥៩៩គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូន។ លោក គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជូនពរជ័យ សិរីមង្គល សូមបងប្អូនបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត និងបាន ចម្រុងចម្រើន ក្នុងជីវភាពគ្រប់ក្រុមគ្រួសារជាដរាបតរៀងទៅ។
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ដែលបានចែកជូនដល់បងប្អូនប្រជារាស្ត្រ ទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបជាមេគ្រួសារចំនួន៥៩៩នាក់ រស់នៅក្នុង១៦ភូមិ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ចំនួន៤០០ពាន់រៀល។
ព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ បងប្អូនប្រជារាស្រ្ត រស់នៅក្នុងមូលដ្ឋានខាងលើនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅពេលនេះ គឺជាព្រះរាជហឬទ័យសណ្ដោសប្រោសប្រណី ដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឬទ័យទុកដាក់ ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយ សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋាន ភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយនៅក្នុងមូលដ្ឋានខាងលើនេះ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួតរបស់ ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។
សូមបញ្ជាក់ជូនថា នេះជាលើកទី៦ នៃការប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង តាមរយៈលោក គុយ សុផល។ លើកទី១នៅស្រុកកណ្តៀង ខេត្តពោធិសាត់ មានចំនួនសរុប ៦៤៥គ្រួសារ, លើកទី២នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១គ្រួសារ, លើកទី៣ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានចំនួន ៥៤៥គ្រួសារ, លើកទី៤នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺមានចំនួន ៤៧៦គ្រួសារ, លើកទី៥នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានចំនួន ៦៧៤គ្រួសារ, និងលើកទី៦នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចំនួន ៥៩៩គ្រួសារ៕