(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានបើកសិក្ខាសាលា ស្តីពី «របៀបដាក់សំណើគម្រោងបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ដែលបានអនុវត្តរបស់គម្រោង» នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច និងតំណាងដៃគូអភិវឌ្ឍន៍នានា ក្រោមការគាំទ្រថវិកា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រោមគម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង (S4C)។
លោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញបានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមថវិកាគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សហហិរញ្ញប្បទាន ដល់គម្រោងបណ្តុះបណ្តាល ចំនួន២២គម្រោង ដែលមានសិក្ខាកាម សរុបចំនួន១,៦០២នាក់ (ស្រីចំនួន ៤៧១នាក់) ក្រោមកិច្ចសហការ រវាងវិស័យឯកជន ចំនួន៤៩ស្ថាប័ន និងវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៧ស្ថាប័ន។
ប្រធានគ្រប់គ្រងគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ លោក ជា កុកហុង បានបន្ថែមទៀតថា បច្ចុប្បន្ននេះ មូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានកំពុងនិងបន្តទទួលសំណើ គម្រោងបណ្តុះបណ្តាលជំនាញផងដែរ។
លោក ជា កុកហុង បានសង្ឃឹមថា មូលនិធិនេះ នឹងក្លាយទៅជាយន្តការមួយ ដែលកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រការលើកកម្ពស់កម្រិតជំនាញ
និងការបង្កើនឱកាសការងារ នៅប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកប្រធានគ្រប់គ្រង គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច និងតំណាងដៃគូអភិវឌ្ឍន៍នានា ដែលមានវត្តមានក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ។
គូសបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតប ទៅនឹងតម្រូវការវិស័យឯកជន សមាគម វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងដៃគូអភិវឌ្ឍន៍នានា ឲ្យកាន់តែយល់ច្បាស់អំពីនីតិវិធី ក្នុងការដាក់សំណើគម្រោង ក៏ដូចជាការចែករំលែកបទពិសោធន៍ និងគន្លឹះក្នុងការស្នើសុំមូលនិធិ សម្រាប់ការបណ្តុះបណ្តាលជំនាញ៕