(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង (PA) សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការកសាង សមត្ថភាពគុណវុឌ្ឍិមន្រ្តីអប់រំ និងការអភិវឌ្ឍកម្មវិធីសិក្សាជំនាញភាសាអង់គ្លេស ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងធនាគារពិភពលោក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។
ពិធីចុះហត្ថលេខាបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ នៅសាកលវិទ្យាល័យស្វាយរៀងក្រោមវត្តមានលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមជាកិត្តិយសពីលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានសមាសភាពទី១.១ នៃគម្រោង លោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជា ស៊ីម កំចាយមារ និងលោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ។
គោលបំណង នៃកិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការជាមួយនឹងការទទួលបានការគាំទ្រពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ការដំណើរ បណ្តុះបណ្តាល ការសិក្សាភាសាអង់គ្លេសវគ្គខ្លីៗ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ដល់ បុគ្គលិកសាស្រ្តាចារ្យ និងការរៀបចំកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស នៅសាកលវិទ្យាល័យស្វាយរៀង។
បើតាមលោក ទុំ សារាវុធ បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ គឺពិតជាមានសារសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិក សាស្រ្តាចារ្យ ក៏ដូចជាការទទួលបាននូវកម្មវិធីសិក្សា សម្រាប់ការបណ្តុះបណ្តាល ដែលមានលក្ខណៈល្អប្រសើសម្រាប់ការកសាងធនធានមនុស្សពិសេសលើជំនាញភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងចូលរួមសម្រេចឲ្យបាននូវគោលដៅ របស់រាជរដ្ឋាភិបាលដែលបានកំណត់ឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
លោកបណ្ឌិត ជេត ជាលី មានមតិប្រកបដោយសុទិដ្ឋិនិយមថា តាមរយៈនៃកិច្ចព្រមព្រៀងនេះនឹងទទួលបានលទ្ធផល ជាផ្លែផ្កាតាមរយៈការចូលរួមកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាមួយរាជរដ្ឋាភិបាលដើម្បីសម្រាប់ឱកាសការងារ និង កំណើនជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀង ដែលមានតម្រូវការធនធានមនុស្សយ៉ាងច្រើន។
សូមបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍលើកម្មសិក្សាដែលកំពុងបណ្តុះបណ្តាលស្រាប់ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំបើកដំណើរការបណ្តុះបណ្តាលមុខជំនាញថ្មីផ្នែកវិស្វកម្មមេកានិច នៅឆ្នាំសិក្សា ២០២០-២០២១ និងមុខជំនាញ វិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម នៅឆ្នាំសិក្សា២០២១-២០២២ ខាងមុខ ដោយមានកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យ នៅព្រះរាជាណាចក្រថៃ(King Mongkut’s University of Technology Thonburi) និងសាកលវិទ្យាល័យនៃប្រទេសអូស្រ្តាលី(Curtin University)ផងដែរ៕