(បន្ទាយមានជ័យ)៖ ពេលកំពុងមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលត្រូវជម្លៀសចេញពីតំបន់ទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សម្ដេចនឹងត្រឡប់ទៅខេត្តបន្ទាយមានជ័យម្ដងទៀត ដើម្បីពិនិត្យស្ថានភាព ព្រោះទឹកជំនន់បន្ដធ្ងន់ធ្ងរនៅឡើយ។
តាមផែនការដែលបានគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ស្អែកនេះ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារទៀត នៅក្រុងប៉ោយប៉ែត និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្ដេចនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃសុក្រ។
ដោយសារតែស្ថានភាពមិនទាន់ធូរស្រាល និងមិនអាចមើលរំលងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងនូវការវាយប្រហារដោយទឹកជំនន់នោះ ប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ បានបញ្ជាក់ជាថ្មីថា ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចនឹងត្រឡប់ទៅខេត្តមួយនេះម្ដងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ស្អែកនេះ ខ្ញុំត្រឡប់ទៅ (ភ្នំពេញ) ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ ខ្ញុំនឹងវិលត្រឡប់មកវិញ (បន្ទាយមានជ័យ) ព្រោះថាប្រជាពលរដ្ឋមកដល់ពេលនេះ មិនមែន២ម៉ឺនគ្រួសារទេ ដែលរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ ឡើងដល់៣ម៉ឺន ចឹងខ្ញុំត្រូវឲ្យរៀបចំ១៥,០០០គ្រួសារទៀត ខ្ញុំនឹងហោះតាមឧទ្ធម្ភាគចក្រមកព្រឹកថ្ងៃសៅរ៍»។
ក្នុងកាលៈទេសៈនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ ស្រាវជ្រាវរកពលរដ្ឋណាដែលមិនទាន់បានទទួលជំនួយ ព្រោះថាខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមបណ្ដាខេត្តដែលមានទឹកជំនន់។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយ ជាមួយនឹងអ្វីដែលបានបាត់បង់ ហើយនេះមិនមែនគ្រាន់តែជាការបាត់បង់របស់ក្រុមគ្រួសារនីមួយៗនោះទេ ប៉ុន្ដែនេះជាការបាត់បង់របស់ជាតិយើងទាំងមូល ក្នុងការលំបាកនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។
សម្ដេចបានអះអាងថា ផលប៉ះពាល់ទាំងឡាយដែលបណ្ដាលមកពីទឹកជំនន់ នឹងបង្កើតជាទម្ងន់បន្ថែមក្នុងពេលដែលកម្ពុជា កំពុងប្រឈមជាមួយជំងឺឆ្លងរាតត្បាតកូវីដ-១៩។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ម្សិលមិញ និងសម្រាកមួយយប់នៅខេត្តសៀមរាប ទើបបន្ដដំណើរទៅកន្លែងរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជា បានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕