(បាត់ដំបង)៖ យុវជន២នាក់បានជិះម៉ូតូ ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្ត គេចំពីមុខបណ្តាលឲ្យស្លាប់ភ្លាមៗ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ លើចំណុចផ្លូវកោងខាងកើតដងស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង។ ភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងរថយន្តបង្កឡើង ដោយម៉ូតូជិះគ្នា២នាក់ បើកក្នុងល្បឿនលឿន ហើយរេចង្កូតមកហួសគំនូសផ្លូវរួចជ្រុល ទៅបុករថយន្តមកពីខាងមុខពេញមួយទំហឹង បណ្តាលអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកដីធុនតូច ដែលមានពាក់ស្លាកលេខបាត់ដំបង 3A-1412 ជាមួយនឹងម៉ូតូម៉ាកឃ្លិច ពណ៌ស សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ ដែលមានមនុស្សជិះពីរនាក់ផង ក្នុងទិសដៅច្រាស់គ្នា។ បន្ទាប់ពីកើតហេតុហើយ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ និងជនរងគ្រោះទាំងពីរនាក់គឺមានឈ្មោះ សន ធិន អាយុ៣០ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ និងម្នាក់ទៀតមានឈ្មោះ ចាយ ឡែម អាយុ៦០ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។
ក្រោយពេលកើតហេតុមធ្យោបាយធ្វើដំណើរ ទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋានដើម្បីបញ្ជូនទៅកាន់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រីឯសពជនរងគ្រោះ បានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរៀងៗខ្លួន៕