(បន្ទាយមានជ័យ)៖ «ទីណាដែលមានពលរដ្ឋរងទុក្ខតែមានមុខ ឬវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន» ជាពាក្យមួយឃ្លាដែលប្រជាពលរដ្ឋតែងបានលើកឡើងថា បន្ទាប់ពីបានឃើញពីវីរភាព និងការផ្សារភ្ជាប់សុខទុក្ខរវាងសម្តេច និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ខ្លួនជាង ៣០ឆ្នាំមកនេះ។ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្កាត់ធ្វើដំណើរតាមរថយន្តលើចម្ងាយដីជាង ៤០០គីឡូម៉ែត្រ ឆ្ពោះមកទិសភាគពាយព្យ ដើម្បីសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជា ២ម៉ឺនគ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។
ជំនួបសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។ តាមរបៀបវារៈកម្មវិធីដែលបានព្រៀងទុក្ខ នៅថ្ងៃទី២១ ខែតុលា សម្តេចតេជោ អញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភណ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ នៅថ្ងៃទី២២ ខែតុលា សម្តេចតេជោ អញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៥នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានទម្លាប់គិតគូរអំពីសុខទុក្ខជាចម្បងនោះ បើទោះបីមិនបានចុះដល់ទីតាំងរងការលិចដោយផ្ទាល់។ តែតាំងពីចាប់ផ្តើមមានទឹកជំនន់មក បានតាមដានជាប់ជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីដាក់ចេញវិធានការ និងដំណោះស្រាយផ្សេងៗ។ ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់តម្លៃអាយុជីវិតពលរដ្ឋខ្ពស់លើសបញ្ហាទាំងឡាយនោះ បានដាក់បទបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋឱ្យអស់លទ្ធភាព ជាពិសេសមិនត្រូវឱ្យមានពលរដ្ឋណាម្នាក់ស្លាប់ក្នុងទឹកព្រោះមិនបានទៅជម្លៀស ឬជួយសង្គ្រោះនោះឡើយ។
សម្រាប់ខេត្តបន្ទាយមានជ័យ មិនត្រឹមតែបានបញ្ជាដឹកនាំក្នុងប្រតិបត្តិការសង្គ្រោះនោះទេ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិការបស់សប្បុរសជនប្រមាណ ២០ម៉ឺនដុល្លាររួចហើយ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទម្លាក់ ១០០លានរៀល ដើម្បីដោះស្រាយការលំបាកទាំងឡាយ។
វត្តមានរបស់សម្តេចតេជោ លើដែនដីជាប់ព្រំដែនថៃមួយនេះ មិនមែនជារឿងថ្មីថ្មោងនោះឡើយ ពោលសម្តេចបានមានវត្តមានដែនដីនេះ ចាប់តាំងពីកម្ពុជាមានវិបត្តិផ្ទៃក្នុងដោយសង្គ្រាមប្រដាប់អាវុធនាទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ។ វត្តមានរបស់សម្តេចតេជោលើទឹកដីអតីតសមរភូមិប្រដាប់អាវុធនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់សម្តេច មិនថាក្នុងសមរភូមិសង្គ្រាមប្រដាប់អាវុធ ឬសង្គ្រាមប្រយុទ្ធនឹងគ្រោះមហន្តរាយនោះឡើយ។
សូមបញ្ជាក់ដែរថា អង្គភាពព័ត៌មាន Fresh News នឹងផ្តិតទិដ្ឋភាពផ្សាយផ្ទាល់ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋខេត្តបន្ទាយមានជ័យរយៈពេលពីរថ្ងៃនេះ៕