(ភ្នំពេញ)៖ អនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌកិច្ចការពារ អ្នកប្រើប្រាស់លើទិដ្ឋភាព នៃកិច្ចធានាការពារសុខភាព សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិចិន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញជាម្ហូបអាហារដែលធ្វើចរាចរចែកចាយ លក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

លោក ប៊ុន សុខូម៉ា អនុប្រធានសាខាបានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យ បានយកចិត្តទុកដាក់ទៅលើផលិតផលទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែល​អាជីវករ​កំពុងដាក់តាំងលក់នៅតាមតូប ហាងលក់ភេសជ្ជៈ និងផ្សារម៉ាត ជាពិសេស ធ្វើយ៉ាងណាដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។ លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្រ្តីជំនាញរបស់លោក បានធ្វើការចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវការធ្វើចរាចរ ចែកចាយ លក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬការលួចប្រើសារធាតុគីមីហាមឃាត់នៅក្នុងបន្លែ ផែ្លឈើ ស្ករ ឬការដាក់លក់ទំនិញមិនសមស្របបន្លំជាមួយនឹងទំនិញត្រឹមត្រូវជាដើម ។ 

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ អ្នកកែច្នៃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយ លក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ក្នុងឱកាសចូលឆ្នាំថ្មីនេះ ៕