(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានទទួលជួបការសម្ដែងការគួរសមដោយក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ បម្រើសេវាកម្មអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងស្មាតហ្វូន។
ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក បានជម្រាបជូនពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងនោះនាពេលបច្ចុប្បន្នរួមមាន សេវាកម្មហៅកង់បីជិះ និងសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស និងក្នុងពេលអនាគត គឺបង្កើតផ្សារអនឡាញសម្រាប់គ្រប់ប្រភេទទំនិញ ដើម្បីជំរុញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងបរទេស តាមរយៈការដាក់លក់លើទីផ្សារអនឡាញ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រដល់គំនិតផ្ដួចផ្ដើម បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗ ក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្ម នឹងបម្រើដល់សកម្មភាពជាច្រើន នៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជាវិស័យសាធារណៈផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមមួយចំនួន របស់ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្រសួងនឹងរៀបចំធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នា ខែវិច្ឆិកាខាងមុខ ក៏ដូចជាកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងតភ្ជាប់ផលិតករ និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងពិភពលោក តាមរយៈទីផ្សារអនឡាញមួយ។
ជាមួយនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន បំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងការធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
សូមបញ្ជាក់ជូនថាទាក់ទងនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាពេលថ្មីៗនេះ អនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់ការអនុញ្ញាត បំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាប្រកាសលេខ ២៩០ ពណ.ចបព.ប្រក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ដីពីការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ៕