(ភ្នំពេញ)៖  លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះបានដឹកនាំមន្រ្តី និងសមត្ថកិច្ច វាយកំទេចទូហ្គេមចំនួន៨៥ទូ (ទូហ្គេមបាញ់ត្រី១៨ទូ ហ្គេមបៀរ និងសេះ៦៧ទូ) ក្រោយចុះបង្ក្រាបនិងរឹបអូសបានតាមមូលដ្ឋាននាពេល កន្លងទៅ។

អភិបាលខណ្ឌទួលគោក បានថ្លែងថា « ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌបានវាយកំទេចទូហ្គេមប្រភេទល្បែងស៊ីសង ៨៥ទូ នៅព្រឹកនេះ ដែលរឹបអូបាន ពេលចុះបង្ក្រាបគ្មានច្បាប់អនុញ្ញាត»។

បើតាមលោកអភិបាលខណ្ឌ ទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសងធើ្វឲ្យពង្វក់ សិស្សានុសិស្ស និងក្រុមយុវវ័យមួយចំនួន រហូតលះបង់ការសិក្សា ចូលទៅលេងហេ្គម ព្រមទាំងបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាលយ៉ាងច្រើនទៀតផង។ លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខ សង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕