(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) តាមប្រព័ន្ធវីដេអូ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត, អគ្គលេខាធិការអង្គការសហប្រជាជាតិ, និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ស្អែកនេះ ហើយការចូលរួមប្រជុំរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ រួមមាន ការអនុវត្តសេចក្តីថ្លែងការរួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះ នឹងមានការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ ក្នុងការស្វែងរកវិធីពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយសារតែវិបត្តិសុខភាពសកលដែលបង្កឡើងដោយជំងឺកូវីដ-១៩។
គួរកត់សម្គាល់ថា កិច្ចប្រជុំ AUMM នេះ ត្រូវបានរៀបចំឡើងជាទៀតទាត់ ស្របពេលសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងឆ្នាំនេះ កិច្ចប្រជុំ AUMM ត្រូវបានរំពឹងថា នឹងរំលេចលើកិច្ចពិភាក្សាអំពីបញ្ហាតំបន់ និងសកលមួយចំនួន ដែលឆ្លុះបញ្ចាំងនឹងមូលបទនៃសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម - ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគីដែលមានប្រសិទ្ធភាព» ៕