(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០៖
*គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី
*គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
* ទូរទស្សន៍ព័ត៌មាន Fresh News នឹងធ្វើការផ្សាយអំពីព្រឹត្តិការណ៍នេះពីខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជាប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្តេចនឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕