(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅវេលាម៉ោងប្រមាណ១០៖៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយកន្លែងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ មានស្រីម្នាក់ និងថ្នាំ៣១កញ្ចប់ (ធំ២ និងតូច២៩កញ្ចប់)។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាល ខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News ថាក្រៅពីការដកហូត ថ្នាំចំនួន៣១កញ្ចប់នោះ កម្លាំងនគរបាលក៏បានរកឃើញថ្នាំគ្រាប់ជិត២០០គ្រាប់ ព្រមទាំងសម្ភារសម្រាប់ជក់ និងប្រើប្រាស់មួយចំនួន ផងដែរ។

អធិការរងនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់អធិការខណ្ឌ កម្លាំងនគរបាលបានបន្តប្រតិបត្តិការ ធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ និងវត្ថុតាងជាក់ស្តែងតែម្តង។ ក្រោយចុះបង្ក្រាបជនសង្ស័យត្រូវបានបញ្ជូន ទៅសួរនាំភ្លាមៗ នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមច្បាប់បន្តទៀត៕