(កំពង់ធំ)៖ លោកស្រី ខៀវ ស៉ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានចូលរួមចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋចំនួន ៣៥៣គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកសន្ទុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរ លោកស្រី ខៀវ ស៉ីណា ជា ចាន់តូ បានពាំនាំក្តីនឹករលឹក និងសាកសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកស្រី លើកឡើងថា «ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច»។
ជាមួយគ្នានោះដែរលោក សុខ លូ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ពីជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅពេលនេះ ជាពិសេសមើលថែចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ។
បន្ថែមពីនេះទៀត លោកសំណូមពរប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួម ការពារទប់ស្កាត់ការឆ្លង រីករាលដល់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការចែកអំណោយនេះគឺប្រព្រឹត្តទៅនៅ ៣ទីតាំងផ្សេងគ្នា រួមមាន៖ នៅវត្តគីរីសុខសាន្ត, នៅវត្តកំពង់ថ្ម និង ចុះចែកតាមខ្នងផ្ទះលិចទឹក ហើយអំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ និងសាប៊ូ ១ដុំ៕