(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានដល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងអ្នកនិយមគណបក្សនេះ ឱ្យបញ្ឆប់សកម្មភាពមួលបង្កាច់គណបក្សយុវជនកម្ពុជាជាបន្ទាន់ បើសិនជាមិនចង់ប្រឈមចំពោះមុខច្បាប់។
តាមរយៈសារមួយ នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ «សូមក្រុមលោក ខឹម វាសនា និងអ្នកនិយមខាង LDP ចូលអានសារខ្ញុំឆ្លើយទៅ ពលពួកលោក ហើយសូមពិចារណាតាមការគួរផងចុះ ! កុំបំពានសិទ្ធិអ្នកដទៃ ហើយបញ្ឈប់សកម្មភាពមួលបង្កាច់បក្សយុវជនជាបន្ទាន់ បើមិនចង់ប្រឈមមុខចំពោះច្បាប់នោះទេ ពីព្រោះគណបក្សនយោបាយគឺមានសិទ្ធិ និងឆន្ទៈរៀងៗខ្លួន»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៅកាន់ LDP ទៀតថា៖ «បក្សរបស់អ្នកមិនអាចបង្ខំបក្សដទៃឲ្យធ្វើតាមការគិតរបស់បក្សអ្នកនោះឡើយ សូមធ្វើនយោបាយឲ្យថ្លៃថ្នូរ កុំបង្ខូចឈ្មោះបក្សអ្នកដទៃ ដើម្បីលើកខ្លួន»។
ការព្រមានរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីសមាជិករបស់ គណបក្ស LDP បានប្រមាថគណបក្សយុវជនកម្ពុជា ចំពោះការវាយតម្លៃអំពីដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប ថា មានភាពរលូន និងល្អប្រសើរ។ សមាជិកបក្សនេះ បានរិះគន់ថា គណ បក្សយុវជនបានដាក់អ្នកសង្កេតការតែមួយរូបប៉ុណ្ណោះ ប៉ុន្តែបែរជាវាយតម្លៃថាល្អប្រសើរ។
ទោះជាយ៉ាងនេះក្តី មិនមែនតែគណបក្សយុវជនមួយទៀត ដែលវាយតម្លៃវិជ្ជមានចំពោះ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប គណបក្សមួយចំនួនទៀត ក៏បានកោតសរសើរដូចគ្នា៕