(បន្ទាយមានជ័យ)៖ គ្រាដែលប្រទេសកម្ពុជា រងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង បង្កជាទឹកជំនន់នៅខេត្ដមួយចំនួន បណ្ដាលឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋនោះ គេសង្កេតឃើញថា កម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានបញ្ចេញកម្លាំងព្រមៗគ្នាដើម្បីសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្ដរាយមួយនេះ។
សកម្មភាពនៃការជួយសង្គ្រោះរបស់កងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់ មិនថាយប់ ឬថ្ងៃ ឬស្ថានភាពលំបាកយ៉ាងណាក៏ដោយ គឺកម្លាំងសង្គ្រោះមិនរុញរាយក្នុងការបំពេញប្រតិបត្តិការនេះឡើយ។
យុទ្ធជនម្នាក់របស់បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចឆ័ត្រយោង៩១១) ដែលចល័តសង្គ្រោះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ សង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ ដោយមិនរុញរា និងមិនខ្លាចរអាឡើយ ឲ្យតែបានសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ដែលកំពុងតែវាយប្រហារយ៉ាងញាំញី។
ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ គ្រាដែលខ្លួនកំពុងត្រៀម និងរៀបចំអូប័រ ដើម្បីចេញទៅសង្គ្រោះប្រជាពលរដ្ឋ នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ យុទ្ធជនរូបនេះបានបញ្ជាក់ថា «ខ្ញុំពេញចិត្ត និងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះពុក ម៉ែ បងប្អូន យាយតា ត្រូវជួយគាត់អស់ពីកម្លាំងកាយចិត្ត និងយកបេះដូងមកធ្វើ ស្របពេលដែលទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ»។
ដោយឡែក ស្បៀងអាហារសម្រាប់ទទួលទានពេលបំពេញប្រតិបត្តិការវិញ យុទ្ធជនវ័យក្មេងដែលមានឆន្ទៈខ្ពស់រូបនេះ បានអះអាងថា មានគ្រប់គ្រាន់ដើម្បីបរិភោគ មិនខ្វះខាតអ្វីឡើយ ព្រោះថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ដល់កងទ័ពទាំងអស់ ព្រមជាមួយការឧបត្ថម្ភបន្ថែមពីសប្បុរសជនផ្សេងៗទៀតផងដែរ។
គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០។ ក្រសួងបានបញ្ជាក់ថា យោងតាមស្ថានភាពបម្រែបម្រួលជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសន្លាយកាត់ពីលើ។
ទន្ទឹមនោះនៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកកើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល (Saudel) ដែលតាមរយៈការព្យាករជាលក្ខណៈតំបន់ បង្ហាញឲ្យឃើញថា ព្យុះនេះធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ នៃភាគឦសាន្តប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕