(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន០៩នាក់ ដែលគេស្គាល់ថា ជាអតីមន្ត្រីបក្សប្រឆាំងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីការបិទប្រកាសឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ប្រព្រិត្តនៅរាជធានីភ្នំពេញ។
ដីកាប្រកាសត្រូវបានសមត្ថកិច្ចយកទៅបិទជាប់របងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានបង្គាប់ឲ្យជនត្រូវចោទដែលមានឈ្មោះ ទី១៖ លោក សម រង្ស៊ី, លោក អេង ឆៃអៀង, លោក មួ សុខហួ, លោក អ៊ូ ចន្ទ័ប្ញទិ្ធ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក ជូឡុង សួមូរ៉ា និងលោក នុត រំដួល។
ជនត្រូវចោទទាំង៩នាក់ លើសំណុំរឿង «ឧបឃាត» នេះ ត្រូវចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ាង៨៖០០នាទី (សាលសវនាការទី១) ជាកំហិត ដើម្បីដោះសារពីការចោទប្រកាន់នេះ។
សូមបញ្ជាក់ថា សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទឧបឃាតនេះមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សារជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សាលោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕