(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តបង្ហាញវិដេអូរបស់សម្តេច អញ្ជើញចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅសួនច្បារសាធារណៈ នាគបាញ់ទឹក និងនៅកន្លែងហាត់ប្រាណសួនច្បារមុខវត្តបទុមវតី និងនៅមុខវាំង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងនៅលើ Facebook នាព្រឹកថ្ងៃនេះថា សម្តេចពេញចិត្តថតរូបសែលហ្វី (Selfie) ជាមួយបងប្អូនគ្រប់ពេលវេលា។ និងចង់ឲ្យបងប្អូនកាន់តែមានភាពជិតស្និទ្ឋជាមួយសម្តេច ព្រោះសុខទុក្ខបងប្អូនគឺជាសុខទុក្ខរបស់សម្តេច ហើយសម្តេចពិតជាសប្បាយរីករាយខ្លាំង នៅពេលមានឱកាសចុះមកសួរសុខទុក្ខ និងបានស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន យុវនារី និងកុមារតូចៗជាច្រើនដែល កំពុងរត់លេង និងកំពុងហាត់កីឡាយ៉ាងសប្បាយរីករាយនៅតាមសួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
«បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រឡាញ់! ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបានបង្ហាញនូវក្តីគោរពស្រឡាញ់ចំពោះរូបខ្ញុំ ជាពិសេសក្នុងពេលដែលខ្ញុំចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់ កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះ នៅសួនច្បារសាធារណៈនាគបាញ់ទឹក នៅកន្លែងហាត់ប្រាណសួនច្បារមុខវត្តបទុមវតី និងនៅមុខវាំង។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូននាំកូនចៅមកកំសាន្ត និងមកហាត់ប្រាណនៅតាមទីធ្លារសួនច្បារសាធារណៈទាំងនេះដោយទឹកមុខរីករាយ។ ការថតរូបជាមួយបងប្អូនជនរួមជាតិ គឺមាន័យខ្លាំងណាស់ ចំពោះរូបខ្ញុំ ហើយខ្ញុំពេញចិត្តថតរូបសែលហ្វី (Selfie) ជាមួយបងប្អូនគ្រប់ពេល។ ខ្ញុំចង់អោយបងប្អូនកាន់តែមានភាពជិតស្និទ្ឋជាមួយខ្ញុំ ព្រោះសុខទុក្ខបងប្អូនគឺជាសុខទុក្ខរបស់ខ្ញុំផងដែរ។
ខ្ញុំពិតជាសប្បាយរីករាយខ្លាំង នៅពេលមានឱកាសចុះមកសួរសុខទុក្ខ និងបានស្វែងយល់អំពីសុខទុក្ខប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន យុវនារី និងកុមារតូចៗ ជាច្រើនដែលកំពុរត់លេង និងកំពុងហាត់កីឡាយ៉ាងសប្បាយរីករាយនៅតាមសួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ។ សូមបងប្អូនជនរួមជាតិជួបតែសំណាងល្អ៕»
សូមទស្សនាវិដេអូរបស់សម្តេចតេជោ ហ៊ុន សែន ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅតាមទីធ្លាសួនច្បារ៖
សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខពលរដ្ឋខ្ញុំសូមអរគុណជនរួមជាតិ ចំពោះក្តីស្រឡាញ់ដែលបងប្អូនតែងតែមានចំពោះខ្ញុំ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលបានចុះជួបសួរសុខទុក្ខ និងបានថតរូបជាមួយបងប្អូន។ ខ្ញុំក៏សូមកោតសរសើរសាលារាជធានី ដែលបានកសាងសួនច្បារសាធារណៈ និង បំពាក់ឧបករណ៌ហាត់ប្រាណសម្រាប់ជាប្រយោជន៍ដល់សាធារណៈ។
Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, February 4, 2016