(បន្ទាយមានជ័យ)៖ ទឹកទំនប់អូរខៃដនរបស់ឧកញ៉ា កុក អាន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់នៅទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
ទំនប់អូខៃដន ជាទំនប់ធ្វើឡើងដើម្បីស្តុកទឹកសម្រាប់ទាញយកទឹកទៅបំលែកជាទឹកស្អាតសម្រាប់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតប្រើប្រាស់។ ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ ត្រូវហូរធ្លាក់ចូលនៅក្នុងទំនប់នេះ។ ព័ត៌មានបានឱ្យដឹងថា ទំនប់នេះអាចស្តុកទឹករហូតដល់រាប់លានម៉ែត្រគូប។
ការបាក់ទំនប់អូរខៃដន បានធ្វើឱ្យទឹកក្នុងទំនប់ហូរខ្មួលខ្មាញ់ធ្លាក់ទៅវាលលិចស្រែ លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ។ ក្នុងនោះភូមិឋានរបស់ប្រជាពលរដ្ឋក្នុងភូមិសុរិយា សង្កាត់និម្មិត ក្រុងប៉ោយប៉ែត រងការលិចលង់យ៉ាងខ្លាំង។
ភូមិសុរិយា សង្កាត់និម្មិតនេះ មានទឹកលិចលង់នោះឡើយក្នុងជំនន់ទឹកភ្លៀង និងហូរធ្លាក់ពីថៃនាពេលប៉ុន្មានកន្លងទៅនេះ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ទឹកដែលហូរត្របាញ់ចេញពីទំនប់អូរខៃដន បានជន់ពន្លិចភូមិសុរិយាយ៉ាងលឿន។
ភ្លាមៗនោះប្រជាពលរដ្ឋ ក៏បានរូតរះម្នីម្នាជម្លៀសកូនចៅ សម្ភារៈប្រើប្រាស់ សត្វធាតុទៅកាន់ទីសុវត្ថិភាពស្ទើរតែមិនទាន់។ គ្រាដែលភូមិឋានរបស់ប្រជាពលរដ្ឋកំពុងលិចលង់នោះ កម្លាំងសង្គ្រោះមានកងទ័ពមកយោធភូមិទី៥ របស់ឧត្តមសេនីយ៍ឯក ឯក សំអូន និងកងទ័ពពិសេសរបស់ឧត្តមសេនីយ៍ឯក ចាប់ ភក្តី កម្លាំងកងរាជអាវុធ និងនគរបាលនៅក្នុងខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការភ្លាមៗជួយជម្លៀសប្រជាពលរដ្ឋផងដែរ។
ក្នុងប្រតិបត្តិការនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះនៅខេត្តបន្ទាយមានជ័យ ក៏បានចុះទៅដល់កន្លែងជន់លិច ដើម្បីពិនិត្យ និងចាត់ចែងប្រតិបត្តិការសង្គ្រោះ។
រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មិនទាន់មានការបិទភ្ជាប់ទំនប់វិញនោះទេ ហើយទឹកជន់លិចភូមិឋានប្រជាពលរដ្ឋកាន់តែខ្លាំងផងដែរ។ លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅកន្លែងជន់លិចនោះថា មិនទាន់មានការរកវិធីបិទភ្ជាប់ទំនប់នោះនៅឡើយទេ ដោយសារទឹកហូរបុកខ្លាំងពេក។ មួយវិញទៀត អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច កំពុងប្រមូលផ្តុំកម្លាំង ដើម្បីជួយជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗទៀត ដែលត្រូវបានទឹកជំនន់វាយប្រហារស្ទើរទូទាំងខេត្ត ពិសេសនៅទីរួមក្រុងប៉ោយប៉ែតតែម្ដង ដែលកំពុងរងនូវការជន់លិច។ ទន្ទឹមនឹងការជន់លិចនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើន កំពុងតែដុតដៃដុតជើង ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចឆ័ត្រយោង ៩១១) កំពុងដឹកនាំកម្លាំងយោធារាប់រយនាក់ ចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងនូវការវាយប្រហារដោយទឹកជំនន់។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹក ដែលហូរកាត់លើផ្លូវជាតិលេខ៥ ក្រោយបាក់ទំនប់អូរកៃដន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី និងលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងអង់អាចដើម្បីបំពេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រោះកងទ័ពគឺជាកូនចៅរបស់ប្រជាពលរដ្ឋ។
ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយបណ្ដាញព័ត៌មាន Fresh News ថ្នាក់ដឹកនាំយោធាទាំងពីររូបនេះ បានអះអាងដូចគ្នាថា កម្លាំងទាំងពីរអង្គភាព គឺកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងកម្លាំងយោធភូមិភាគទី៥ បានបញ្ជូនដល់មុខព្រួយរងគ្រោះ តាំងពីថ្ងៃកើតមានទឹកជំនន់ដំបូងម្ល៉េះ ពោលតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ លោកថា ប្រតិបត្តិការសង្គ្រោះ មិនរុញរា និងរាថយឡើយទោះបីស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
ឧត្តមសេនីយ៍ឯក ចាប ភក្ដី បានឲ្យដឹងថា កម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដែលចូលរួមក្នុងប្រតិបត្តិការនេះ មានចំនួន១០០នាក់ និងអូប័រ២៥គ្រឿង អមជាមួយឧបករណ៍សង្គ្រោះជាច្រើនផ្សេងទៀត។ ខណៈលោកឧត្តមសេនីយ៍ឯក ឯក សំអូន បញ្ជាក់ថា កម្លាំងចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលចូលរួមសង្គ្រោះនេះ ក៏មានចំនួនជាង១០០នាក់ផងដែរ ដែលត្រូវបញ្ជូនមកក្រុងប៉ោយប៉ែត។
មេបញ្ជាការទាំងពីរអង្គភាពនេះ បានគូសបញ្ជាក់ថា កម្លាំងសង្គ្រោះទាំងអស់ ត្រូវបានបែងចែកជាពីរមុខព្រួញ ដោយមួយត្រូវឈរនៅលើផ្លូវជាតិ ដែលទឹកហូរកាត់ និងមួយផ្នែកទៀត ចុះតាមទូកដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលត្រូវបានទឹកលិចភូមិឋាន និងជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ដែលជាការរៀបចំរបស់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច។
យ៉ាងណាក៏ដោយ ក្នុងរង្វង់ប្រតិបត្តិការនេះ ទាំងលោកឧត្តមសេនីយ៍ឯក ចាប ភក្ដី និងលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានប្ដេជ្ញាចិត្តដូចគ្នាថា កងទ័ពមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវបទបញ្ជា ហើយទីកន្លែងណាដែលមានការលំបាក គឺមានកងទ័ពតែងសង្គ្រោះប្រជាជន ព្រោះប្រជាជន គឺជាឪពុកម្ដាយរបស់កងទ័ព ជាឆ្អឹងខ្នងរបស់កងទ័ព ហើយកងទ័ពជានិច្ចជាកាលត្រូវតែការពារភាពសុខសាន្ដ និងមានរស់រាន់មានជីវិតរបស់ប្រជាជន។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្ពស់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឲ្យបារម្ភ ខណៈអាជ្ញាធរអះអាងថា ទឹកជំនន់នេះ មួយភាគធំបានធ្លាក់មកពីប្រទេសថៃ។ ទំនប់អូរកៃដន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់ដោយសារកម្លាំងទឹក ធ្វើឲ្យក្នុងក្រុងប៉ោយប៉ែត រឹតតែត្រូវលិចលង់ខ្លាំងជាងមុន។
ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងខ្លាំងមកលើខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ អាជ្ញាធរបញ្ជាក់ថា ទឹកជំនន់នេះមួយផ្នែកធំហូរធ្លាក់មកពីប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង៕