(កណ្តាល)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តកណ្តាល ដោយមានលោក តូច ចៅកុយ ជាប្រធានសាខា នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដីចុះពិនិត្យមុខទំនិញនៅផ្សារ «រកាកោង» ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។
ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្តាល លោក តូច ចៅកុយ បានឱ្យដឹងថា មន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគបានប្រើប្រាស់ដោយបានធ្វើតេស្តបឋមលើ ពពុះសណ្តែក មីលឿង មីស្លឹកតើយ អបិលអ៊ីយ៉ូដ។
ប្រធានសាខាបានបញ្ជាក់ថា ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទដូចជា៖ បានដកហូតពពុះសណ្តែក ដែលមានសារធាតុបូរ៉ាក់ ចំនួន ០៦គីឡូក្រាម, ទឹកដោះគោជូរ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន០៦យួរ ស្មើនឹង៣គីឡូក្រាម, មីកញ្ចប់ម៉ាក ហ្គូហ្គូ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤៦កញ្ចប់ ស្មើ៤,៦គីឡូក្រាម, ទឹកដោះគោស្រស់ម៉ាក Dolly ចំនួន ០៣កំប៉ុង ស្មើ១,៥លីត្រ និងម៉្សៅតែគុជ ហួសកាលបរិច្ឆេទចំនួន១១កញ្ចប់ ស្មើ១១គីឡូក្រាម សរុបមានទម្ងន់ ២៤,៦ គីឡូក្រាម និងចំណុះ១.៥លីត្រ។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមកដុតគំទេចចោលនៅទីតាំងដុតសំរាមក្នុងឃុំរកាកោង។ ព្រមទាំងបាន ចែកផ្ទាំងរូបភាពផ្សព្វផ្សាយជូនអាជីវករ និងប្រជាពលរដ្ឋ ដើម្បីជាការយល់ដឹងអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារផងដែរ។
លោក តូច ចៅកុយ ក៏បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ដាក់ ក្នុងម្ហូបអាហារនិង ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕