(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងលក់ហ្គាស និងបញ្ជូលហ្គាស ចំនួន២ទីតាំង ស្ថិតនៅចំណុចផ្ទះលេខ១៦Eo ផ្លូវលេខ១៣២ និងផ្ទះលេខ៤៧Eo ផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការបន្តចុះត្រួតពិនិត្យទីតាំងលើកហ្គាស និងកន្លែងបញ្ចូលហ្គាសនេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឱ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។
ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានណែនាំឱ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្ត្ត្រីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះ រួមមានលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់ហ្គាស និងបញ្ជូលហ្គាស ចំនួន២ទីតាំង។
* ទីតាំងលក់ហ្គាស និងបញ្ជូលហ្គាសទី១ យីហោ «ហ្គាសផ្សារតាប៉ាង» មានម្ចាស់ឈ្មោះ ខុន សុភាព ភេទស្រី អាយុ៦១ឆ្នាំ ដែលស្ថិតនៅចំណុចផ្ទះលេខ១៦Eo ផ្លូវលេខ១៣២ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
* ទីតាំងលក់ហ្គាស និងបញ្ជូលហ្គាសទី២ យីហោ «ហ្គាស ហេង ហួត» មានម្ចាស់ឈ្មោះ ហ៊ុន សាវុធ ភេទប្រុស អាយុ៥៣ឆ្នាំ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៧Eo ផ្លូវលេខ៥១ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន ៣ខាងលើរួចមក កម្លាំងជំនាញបានណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះមក កម្លាំងជំនាញពន្លត់អគ្គិភ័យបានចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៨ទីតាំង សុទ្ធសឹងតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ទីតាំងលក់ហ្គាសចំនួន ៨ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងលក់ហ្គាស ២ទីតាំងទៀត ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។
ដោយក្នុងនោះមន្ត្រីជំនាញក៏បានណែនាំដល់ប្រជាពលរដ្ឋ និងបណ្តាអាជីវកម្មងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមូលហេតុ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ និងអប់រំណែនាំអំពីវិធីវិធានការនៃការពន្លត់បឋមដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ នៅពេលមានដែលមានហេតុការណ៍អគ្គិភ័យកើតឡើង ដើម្បីជៀសវាងការរាលដាលបង្កមហន្តរាយធ្ងន់ធ្ងរ៕