(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងម្ចាស់អំណោយ បាននាំយកអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សរុបជាង២០០គ្រួសារ មកពីភូមិចំនួន៦ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដែលពិធីនេះប្រារឰធ្វើនៅបរិវេណ បុរី ឈុនទីន ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
អគ្គនាយកបុរី ឈុនទីន លោក ហុង ឆេងឈុន បានថ្លែងថា លោកសូមថ្លែងអំណរគុណចំពោះលោក លោកស្រីទាំងអស់ដែលបានរួមចំណែកបរិច្ចាគថវិកាសរុបចំនួន ៨០៥០ដុល្លារអាមេរិក និងថ្នាំពេទ្យចំនួន១៩៤៨បន្ទះ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ។
លោកអគ្គនាយកបន្តថា សប្បុរសជនទាំងអស់ពិតជាបានបរិច្ចាគនៅធនធានផ្ទាល់ខ្លួន ប្រកបដោយសន្តានចិត្តរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ និងរួមរួមចំណែកជាមួយអាជ្ញាធរ ដើម្បីសង្គ្រោះពលរដ្ឋ ពីគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានក្មុងភូមិសាស្ត្រ។
អភិបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា ការចូលរួមជាសប្បុរសរបស់មហាជនចំពោះរដ្ឋបាលខេត្ត ពិតជាទឹកដ៏សប្បុរសចិត្តមនុស្សធម៌ ការចែករំលែកមនុស្សធម៍ចំពោះបងប្អូនប្រជាពលរដ្ឋ។ ហើយការចូលរួមជាមួយរដ្ឋបាលខេត្ត គឺដើម្បីដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលាវចំពោះជនរងគ្រោះ ពិសេសនៅក្នុងសភាពការណ៍ដែលកំពុងកើតមាន ក្នុងរយៈពេលមេឃកំពុងភ្លៀងធ្លាក់ ជាបន្តបន្ទាប់ បណ្ដាលឱ្យមានការជន់លិចផ្ទះសម្បែង ស្រូវ និងផលដំណាំ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមថ្លែងកោតសរសើរចំពោះលោក លោកស្រី ជាសប្បុរសជនទាំងអស់តាមរយៈ លោក ហុង ឆេងឈុន ដែលជាអគ្គនាយក បុរី ឈុនទីន គ្រប់គ្នាៗ។
អំណោយទៅចែកជូនដល់ពលរដ្ឋទាំង២០០គ្រួសារ ដែលជាគ្រួសារទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ-មី-ទឹកត្រី-ទឹកស៊ីអ៉ីវ-ត្រីខ-ថ្នាំពេទ្យ-ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ៕