(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។
សកម្មភាពនេះដោយមានការចូលរួមពីលោក ផឹង និល ប្រធានសាខាកបបខេត្តមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ព្រមទាំងកម្លាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងផងដែរ។
លោក ផឹង និល បានឲ្យដឹងថា នៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី កបប យើងក៏បានផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារលើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោផងដែរ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាងៀតបបែល ចំនួន ៧ Kg មាន (គីមី Borax )ពពុះសណ្តែក ចំនួន ៥ Kg មាន ( គីមៅBorax )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕