(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៣៨៥គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៤ នៅក្នុងខណ្ឌកំបូល ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសុវណ្ណអម្ពា ហៅវត្តស្វាយមាស ស្ថិតនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឲ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធរអីភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការអាហារ ហូបចុកគ្រប់គ្រាន់ផងដែរ ហើយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ជាទិសដៅរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ម៉ាស៊ីនបូមទឹក នៅតាមបុរី និងផ្ទះប្រជាពលរដ្ឋដែលទទួលរង នូវការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីបូមទឹកស្រកអស់ពីលំនៅដ្ឋាន ប្រជាពលរដ្ឋហើយ យើងនឹងណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មេរោគ និងសម្លាប់សត្វល្អិតផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយនេះ មានចំនួន៣៨៥គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់កំបូល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕