(ត្បូងឃ្មុំ)៖ មជ្ឈមណ្ឌលឯកសារកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាតំបន់ប្រវត្តិសាស្រ្តសំខាន់មួយរបស់កម្ពុជា ត្រូវបានសិស្សនិស្សិត ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាបន្តបន្ទាប់។
នាថ្មីៗនេះ សំណើរសុំធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាការរៀបចំឡើងដោយអាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនចំណេះដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានដាក់ស្នើទៅនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការនាំយកសិស្សានុសិស្ស និងយុវជនចំនួន២១០នាក់ ក្នុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ទៅទស្សនាពិព័រណ៍រូបថតបង្ហាញពីពេលវេលាប្រវត្តិសាស្ត្រដែលបានដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលឯកសារ ចាប់តាំងពីថ្ងៃទី១០ដល់២៥ ខែតុលា ឆ្នាំ២០២០។
គោលដៅនៃការរៀបចំទស្សនកិច្ចនេះ មានដូចជា៖
១៖ វាស់ស្ទង់ចំណេះដឹង មុនពេលចូលរួមវេទិកាពិភាក្សា។
២៖ បទបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពីក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ (រយៈពេល១០៥នាទី)។
៣៖ វីដេអូឯកសារស្តីអំពីដំណើរឆ្ពោះទៅរំដោះប្រទេសពីរបបខ្មែរក្រហមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន (រយៈពេល២០នាទី)។
៤៖ វីដេអូឯកសារស្តីអំពីការបង្កើត និងកេរមរក២ធ្នូ១៩៧៨ ដកស្រង់ចេញពីគេហទំព័រក្រសួងការពារជាតិ (រយៈពេល១៥នាទី)។
៥៖ បទបង្ហាញពីនិយមន័យ និងវិធីសាស្ត្រទប់ស្កាត់អំពើប្រល័យពូជសាសន៍ (រយៈពេល៣០នាទី)។
៦៖ វាស់ស្ទង់ចំណេះដឹងបន្ទាប់ពីចូលរួមវេទិកាពិភាក្សា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើជាបន្តបន្ទាប់រួមមាន៖
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដំណើរទស្សនកិច្ចសិក្សាលើកដំបូង ត្រូវបានរៀបចំសម្រាប់សិស្សានុសិស្ស និងយុវជនចំនួន៣០រូប (ស្រី១៧រូប) មកពីវិទ្យាល័យ ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្រុមសិស្សានុសិស្ស និងយុវជន បានមកដល់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅវេលាម៉ោងប្រមាណ៨ព្រឹក។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដំណើរទស្សនកិច្ចសិក្សាលើកទី២ មានការចូលរួមពីសិស្សានុសិស្ស និងយុវជន ចំនួន៣២រូប (ស្រី២៥រូប) មកពីវិទ្យាល័យ ហ៊ុនសែន ត្រពាំងឫស្សី និងវិទ្យាល័យ ហ៊ុនសែន ពញាក្រែក។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ សិស្សានុសិស្សនៃវិទ្យាល័យ ពាមជាំង ស្រុកអូររាំងឪ ចំនួន៣១នាក់ (ស្រីចំនួន២២នាក់) ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅ មជ្ឈមណ្ឌលឯកសារកោះថ្ម។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សិស្សានុសិស្សនៃវិទ្យាល័យ ដំបែរ និង វិទ្យាល័យ ចារថ្មី ស្រុកដំបែរ ចំនួន៣០នាក់ (ស្រីចំនួន១៥នាក់) ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅ មជ្ឈមណ្ឌលឯកសារកោះថ្ម។
នៅទី១៨ ខែតុលា ឆ្នាំ២០២០ សិស្សានុសិស្សនៃវិទ្យាល័យ សួង ក្រុងសួង ចំនួន៣២នាក់ (ស្រីចំនួន១៩នាក់) ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅ មជ្ឈមណ្ឌលឯកសារកោះថ្ម។
កោះថ្ម ជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀតដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។
តើមចេញពីការលះបង់ និងការតស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេចតេជោ និងយុទ្ធមិត្តនេះ មិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែររស់រានមានសិទ្ធិសេរីភាពឡើងវិញនោះទេ តែក៏បាននាំមកនូវការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នផងដែរ៕