(សៀមរាប)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហុកជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីតំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរឃុំ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងលោកស្រី ព្រមទាំងក្រុមការងារ បានចែកអំណោយដូចជា៖ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច មុង ដែលសរុបថវិកាចំណាយទាំងអស់ជិត ២ម៉ឺនដុល្លារ ដើម្បីចែកជូនដល់គ្រួសារដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
ក្នុងពេលនោះដែរ នាយឧត្តមសេនីយ៍ ក៏បានបញ្ជូនក្រុមការងារជំនាញ និងទូកអូប័រចំនួន៣គ្រឿងទៅកាន់ ឃុំខ្នារសណ្តាយ ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើងនៅតំបន់នោះផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសត្វ សាហាវ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕