(ភ្នំពេញ)៖ នាវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីលានចាក់សំរាមជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោនាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ ក្រសួងពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការដុតកំទេចកាហ្វេចំនួន២២០៨០គីឡូក្រាម បន្ទាប់ពីរកឃើញថា កាហ្វេនេះគ្មានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋទេ ប៉ុន្តែនៅលើសំបកកញ្ចប់កាហ្វេ មិនមានបិទស្លាកសញ្ញាស្តង់ដាត្រឹមត្រូវ និងខ្វះព័ត៌មានសំរាប់អតិថិជន។
កម្មវិធីដុតបំផ្លាញកាហ្វេនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោក លឿន រដ្ឋា ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅ នៃអគ្គនាយកដ្ឋាន កាំកុងត្រូល និងមន្រ្តីមួយចំនួនទៀត។
ឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយក ដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បញ្ជាក់ថា កាហ្វេចំនួន២២០៨០ គីឡូក្រាម ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះទៅដកហូតកាលពីថ្ងៃទី២០ ខែមករា ឆ្នំា២០១៥ នៅក្នុងសិប្បកម្មផលិតកាហ្វេនៅក្នុងខណ្ឌសែនសុខ កន្លងមកនេះ ដោយសង្ស័យថា កាហ្វេនេះមានជាតិគីមី។ បន្ទាប់ពីដកហូតកាហ្វេយកទៅធ្វើការពិសោធន៍ នៅក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហកាជាមួយ ក្រសួងពាក់ព័ន្ធមួយចំនួនបានធ្វើការដុតកំទេចកាហ្វេចំនួន ២២០៨០គីឡូក្រាម។
តាមការសម្រេចរបស់តុលាការថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ តាមមាត្រា៦៣ នៃច្បាប់ការគ្រប់គ្រងសុវត្តិភាពផលិតផលទំនិញ និងមាត្រា៥៩ នៃច្បាប់ស្តង់ដារកម្ពុជា បានបញ្ជាក់ថា កាហ្វេនេះគ្មានផ្ទុកសារជាតិគីមី ដែលប៉ះពាល់ដល់សុខភាពដល់ អ្នកប្រើប្រាស់ទេ។ តាមលទ្ធផលពិសោធន៏ខាងកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្ម មើលឃើញថា គ្មានសារជាតិគីមី ធ្វើឲ្យប៉ះពាល់ ដល់សុខភាពទេ។ ចំណែកលទ្ធផលពិសោធន៏របស់អគ្គសនាយកដ្ឋានស្តង់ដារកម្ពុជា របស់ក្រសួងឧស្សាហ៏កម្ម និងសិប្បកម្មក៏ដូចគ្នាថា មិនមានជាតិគីមីប៉ះពាល់ដលសុខភាព។ លើសពីនេះទៀតសមត្ថកច្ចិបានបញ្ជូន កាហ្វេនោះទៅបន្តពិសោធន៏នៅក្រៅប្រទេសទៀតផង លទ្ធផលក៏គ្មានជាតិគីមីប៉ះពាល់ដល់សុខភាពទេ។
ប្រជាពលរដ្ឋបានគ្រាំទ្រសមត្ថកិច្ច បានចាត់វិធានការតឹងរឹងចំពោះសិប្បកម្មនេះ ក៏ដូចជា សិប្បកម្មក្នុងស្រុក ជាពិសេសលើម្ហូបអាហារ និងភេសជ្ជៈណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ៕