(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រសួង និងក្រុមការងារស្រុកចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ ប្រជាពលរដ្ឋអ្នកឃុំច្រនាង ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
ដោយសារតំបន់នេះជាតំបន់ដែលជំនន់ទឹកភ្លៀងទើបតែស្រកចុះ លោករដ្ឋមន្ត្រីក៏បានសន្យាកសាងលូចំនួន ២កន្លែងបន្ថែម និងជួសជុលផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់ កាលពីពេលកន្លងទៅ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យប្រជាពលរដ្ឋត្រៀមទប់ទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ។
លោកបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ។
បើតាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់លំនៅដ្ឋានចំនួន ១០០ខ្នង តែមកដល់ពេលឥលូវមានភាពធូរស្រាលបណ្ដើរៗឡើងវិញហើយ។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំងជាង ៥០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ អំបិល ១គីឡូក្រាម សៀង ១យួរ ត្រីខកំប៉ុង ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ ដែលអំណោយទាំងនេះក៏មានការចូលរួមខ្លះពីសប្បុរសជនលោក លី គឹមឆេង និងភរិយាផងដែរ។
ប្រជាពលរដ្ឋបានបង្ហាញការត្រេកអរដែលថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានមានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងនេះ និងបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ថោង ខុន ដែលជំរុញឱ្យមានការជួសជុលផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ពន្ធផ្សេងទៀតនៅឃុំច្រនាង ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅផងដែរ។
សូមជម្រាបថា នៅរសៀលថ្ងៃទី២០ ខែតុលាដដែលនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏នឹងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរបន្តទៀតផងដែរ៕