(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលី រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈ Video Conference នៅថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ Courtyard by Marriot រាជធានីភ្នំពេញ។
សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារបច្ចេកទេស អន្តរក្រសួងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សរុបចំនួន៣០រូប និងមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរ ដោយលោក Anthony Maguire ជានាយនគរបាលជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌។
សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ក៏ដូចជាតួនាទីរបស់អាជ្ញាធរកណ្តាល ស្ថាប័នអនុវត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្តល់ឱកាសឲ្យមន្រ្តី នៃស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្រ្តីជំនាញ នៃអាជ្ញាធរកណ្តាលអូស្ត្រាលី ទាំងក្នុងទិដ្ឋភាពច្បាប់ ទាំងក្នុងទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង៕