(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹង១ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាឲ្យមន្ទីរសាធារណការ រាជធានីភ្នំពេញ ធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឲ្យអស់ ខណៈដែលបុរីនេះកំពុងតែទទួលរងការលិចលង់នៅឡើយ។
ក្រោយពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិតនៅក្នុងបុរីនេះផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះ របស់លោក ឃួង ស្រេងបានធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹង១ ដើម្បីរកគ្រប់មធ្យោបាយកុំអោយមានការលិចលង់ទៀត។
លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែនមិនខ្វាយខ្វល់ មិនជួយបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌពោធិសែនជ័យនោះទេ។ ដោយសារតែក្នុងរយៈប្រមាណជាងមួយសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធ បានប្រើកម្លាំងសរុបទាំងអស់ ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដោយនៅទីនោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋ ដែលលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌពោធិសែនជ័យនេះ។
លោកបញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន៩ទៅហើយ ដែលទទួលរងនូវការលិចលង់ ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។
លោកបន្តថា ខណៈដែលទឹកស្ទឹងព្រែកត្នោត កំពុងតែគំរាមកំហែងនៅសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងទាហានបានប្រើគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបយើងដកថយ យកកម្លាំងមកជម្លៀស ប្រជាពលរដ្ឋដែលលិចលង់ មកកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះ យើងទទួលបានជោគជ័យហើយ។ ក្រោយពីស្ថានភាពនៅក្នុងខណ្ឌដង្កោ បានធូរស្រាលហើយនោះ ទើបលោកមានឱកាសងាកមកជួយ បងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅដ្ឋាន ដោយជំនន់ទឹកភ្លៀងនៅខណ្ឌពោធិសែនជ័យ នាពេលនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះកិច្ចការងារចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ធ្វើការសិក្សាឲ្យបានច្បាស់លាស់ ក្នុងភូមិសាស្ត្រនេះ ពោលគឺត្រូវដាក់លូរបៀបណា ទប់ទំនប់របៀបយ៉ាងណា ដើម្បីរំដោះទឹកចេញ។
ក្រោយពីការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធឃើញថា ទឹកតំបន់នេះបានស្រកប្រមាណជា៣តឹកហើយ ប៉ុន្តែប្រជាពលរដ្ឋមិនអាចរស់នៅកើតទេ ដោយសារតែទឹកនេះ វាមានក្លិនស្អុយទៅហើយ ដែលដាច់ខាតយើងត្រូវតែទប់ និងបូមទឹកសំអុយនេះចេញអោយអស់។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹក ការរំលោភប្រឡាយនេះ ហើយធ្វើឲ្យស្ទះចរន្តទឹកហូរ ទើបបណ្តាលអោយលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ។ សម្រាប់ការងារចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និងការពារប្រឡាយអោយបានគង់វង់ ជាមួយនឹងការស្ដារប្រឡាយជាប្រចាំ ជៀសសវាងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត៕