(អាមេរិក)៖ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានថ្លែងឲ្យដឹងនៅក្នុងសន្និសិទកាសែត មួយថា ចំនួនអ្នកប្រើប្រាស់ Facebook នឹងកើនឡើងដល់ ៥ពាន់លាននាក់នៅឆ្នាំ២០៣០ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន The Next Web នៅថ្ងៃទី០៥ ខែកុម្ភៈ។
មហាសេដ្ឋីលំដាប់ទី៥នៃពិភពលោករូបនេះ បានបញ្ជាក់ថា គោលដៅរបស់ Facebook នឹងពង្រើនអ្នកប្រើប្រាស់ឲ្យដល់ ៥ពាន់លាននាក់ នៅឆ្នាំ២០៣០ ពោលគឺជិតស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនសរុបទូទាំងពិភពលោក។
លោក Mark Zuckerberg បានឲ្យដឹងបន្ថែមទៀតថា អ្វីដែលនឹងជំរុញឲ្យចំនួនអ្នកប្រើប្រាស់ Facebook កើនឡើងដល់ ៥ពាន់លាននាក់នោះគឺ Internet.org ដែលជាមូលនិធិមួយរបស់លោក Mark Zuckerberg ក្នុងគោលដៅផ្ដល់សេវាកម្មអ៊ីនធើណែត នៅតាមតំបន់ដាច់ស្រយាល ឬតំបន់ដែលគ្មានអ៊ីនធើណែត ដោយក្នុងនោះគឺ Internet.org សហការជាមួយរដ្ឋាភិបាលនៃប្រទេសទាំងនោះដើម្បីចែកចាយអ៊ីនធើណែត មានតំបន់ខ្លះគឺផ្ដល់ជូនដោយគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍មុននេះ លោក Mark Zuckerberg បានបង្ហោះនៅលើ Facebook Page លោកថា ចំនួនអ្នកប្រើ Facebook បានកើនឡើងដល់ ១,៦ពាន់លាននាក់៕